ម្រេចកំពត កំពុងបង្កើនភាពល្បីនៃម៉ាកសញ្ញាភូមិសាស្ត្រ ស្របពេលការលក់លើទីផ្សារអន្តរជាតិកំពុងកើនឡើងខ្ពស់

កំពត ៖ ម្រេចកំពត the Kampot Pepper Promotion Association (KPPA) កំពុងតែបង្កើនការផ្សព្វផ្សាយពីម៉ាកសញ្ញា និងកេរ្តិ៍ឈ្មោះសម្គាល់ភូមិសាស្ត្រដ៏ល្បីរបស់ខ្លួននៅលើទីផ្សារអន្តរជាតិ ខណៈដែលការគាំទ្រ និងការបញ្ជាទិញនៅលើទីផ្សារកាន់តែមានភាពទូលំទូលាយ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា “ម្រេចកំពត” បានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ2010 ដោយផ្តើមដំបូងមានផលិតករចំនួន 118គ្រួសារ ក្រុមហ៊ុនចំនួន12 និងផ្ទៃដីដាំដុះចំនួន 10ហិកតា ដែលអាចប្រមូលទិន្នផលបានតែ 10តោនប៉ុណ្ណោះ ប៉ុន្តែមកដល់ឆ្នាំ2020នេះ មានផលិតករសរុបចំនួន 455គ្រួសារ ក្រុមហ៊ុនចំនួន 38និងផ្ទៃដីដាំដុះកើនឡើងដល់ 290ហិកតា ដែលអាចប្រមូលទិន្នផលបានរហូតដល់ចំនួន 82.78តោន និងមានទីផ្សារនាំចេញទៅប្រទេសនៅទ្វីបអាស៊ី និងអឺរ៉ុប”។

រូបភាព ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

ឯកឧត្តមបន្តថា “ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ម្រេចកំពត” ត្រូវបានទទួលការចុះបញ្ជីជាបន្តបន្ទាប់នៅក្នុងតំបន់ និងសកលលោក ហើយទទួលបានការការពារនៅប្រទេសថៃ វៀតណាម និងសហភាពអឺរ៉ុប ហើយថ្មីៗនេះក្រសួងពាណិជ្ជកម្មបានជួយសម្របសម្រួលដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកសម្គាល់ភូមិ សាស្រ្ត ទំនិញ “ម្រេចកំពត” ជាអន្តរជាតិ នៅបណ្តាប្រទេសចំនួន50 ក្រោមច្បាប់ស្តីពីទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀងទីក្រុងលីស្បោន ស្តីពីប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ”។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថារយៈពេល9 ខែឆ្នាំនេះកម្ពុជាបាននាំចេញម្រេចចំនួន 4,121.95 តោនកើនឡើងជិត 124% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ម្រេចកម្ពុជាត្រូវបាននាំចេញទៅកាន់ 21 ប្រទេសនិងទឹកដីទូទាំងពិភពលោក រួមមាន ប្រទេសជប៉ុន ប៊ែលហ្សិក ហូឡង់ បារាំង អាល្លឺម៉ង់ ស្វ៊ីស វៀតណាម អាមេរិក រុស្ស៊ី អង់គ្លេស ឥណ្ឌា បេឡារុស្សកូរ៉េ សាធារណរដ្ឋឆែក ណូវែលសេឡង់ អូស្ត្រាលី ថៃ ស៊ុយអែត សឹង្ហបូរី និងតៃវ៉ាន់។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុនអ៊ឺរ៉ុប EU Land and Pepper Investment ដែលគ្រប់គ្រងដោយប្រទេសឆេក បានផ្តល់ជំនួយនូវម៉ាស៊ីនវេចខ្ចប់ម្រេចជាមួយនឹងបច្ចេកវិទ្យាថ្មី ដោយសង្ឃឹមថាកសិករខ្នាតតូចនឹងអាចកែច្នៃម្រេចបានប្រហែល 10 តោននៅឆ្នាំ2021 ។ បន្ថែមពីនេះ ក្រៅពីផែនការបន្តទិញផ្តាច់មុខពីប្រជាកសិករខ្នាតតូចក្រុមហ៊ុនក៏បានណែនាំពីការផ្សព្វផ្សាយ និងការលក់ម្រេចកំពត រួមទាំងការបង្កកម្រេចបៃតងស្រស់ និងវិធីបង្កកម្រេចកំពតស្ងួតផងដែរ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner