តើលោកស្រី Rhona Smith វាយតម្លៃលើមូលដ្ឋានអ្វីដែលថា កម្ពុជាបាត់បង់ប្រជាធិបតេយ្យ?

អត្ថបទដោយ៖
AMS OneMinute

អត្ថបទរបស់លោកស្រី Rhona Smith អ្នករាយការណ៍ពិសេសអ.ស.ប ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ចុះលើ eurasiaview កាលពីថ្ងៃទី១ ធ្នូ ស្តីពីប្រជាធិបតេយ្យនៅកម្ពុជាមានកម្រិតទាបបំផុត បានឆ្លុះបញ្ចាំងឲ្យឃើញថា លោកស្រីមិនបានសិក្សាស៊ីជម្រៅលើសង្គមកម្ពុជាទេ។ លោកស្រីចោទប្រកាន់រាជរដ្ឋាភិបាលថាបានបិទសិទ្ធិនយោបាយរបស់អតីតបក្សប្រឆាំង។ ជាការពិត ការរំលាយគណបក្ស និងរាល់ការចាប់ខ្លួនគឺធ្វើឡើងតាមគោលការណ៍នីតិរដ្ឋ ដោយផ្អែកលើមាត្រា៤៥១ ៤៥៣ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

រដ្ឋធម្មនុញ្ញ ចែងពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការប្រមូលផ្តុំ តែមិនត្រូវប្រើប្រាស់ហួស រហូតដល់ធ្វើឱ្យប៉ះពាល់ សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិនោះទេ។ បាតុកម្ម និងកូដកម្មរបស់អតីតសមាជិកបក្សប្រឆាំង មានលក្ខណៈញុះញុង ចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ បង្កនូវវិនាសកម្ម និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។

ការរំលាយគណបក្សសង្រ្គោះជាតិទៀតសោត មិនបានធ្វើឱ្យកម្ពុជាបាត់បង់គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សឡើយ។ ការបោះឆ្នោតឆ្នាំ២០១៨ មានគណបក្ស ២០ចូលរួម ជាពិសេសអ្នកទៅបោះឆ្នោតមានដល់ទៅ ៨៣.០២ ភាគរយ នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុប អត្រាខ្ពស់ជាងប្រទេសប្រជាធិបតេយ្យនៅអ៊ឺរ៉ុបទៅទៀត។

តើលោកស្រីវាយតម្លៃលើមូលដ្ឋានអ្វីដែលថា កម្ពុជាបាត់បង់ប្រជាធិបតេយ្យ?

លោកស្រីគួរពិនិត្យមើលជ្រុងនៃការពិត ដែលគណបក្សប្រឆាំងអំពាវនាវឱ្យកងទ័ពបះបោរ បង្កចលាចល ប៉ុនប៉ងផ្លាស់ប្តូររបប អំពាវនាវធ្វើពហិការបោះឆ្នោត ហៅព្រះមហាក្សត្រជាអាយ៉ង ហៅបរទេសឱ្យមកដាក់ទណ្ឌកម្មលើប្រទេសខ្លួន បំផ្លាញឆ្នាំងបាយរបស់ប្រជាពលរដ្ឋស្លូតត្រង់រាប់ម៉ឺននាក់។ តើនេះជាប្រជាធិបតេយ្យឫ?

ពីពលរដ្ឋកម្ពុជាដែលស្រលាញ់សន្តិភាព

Facebook: AMS One-minute

Telegram: AMS One-minute

TikTok: @apsaramediaservices

ads banner