បំណុលជាតិរបស់សហរដ្ឋអាម៉េរិកសរុបកើនឡើងដល់២៦ទ្រីលានដុល្លារ ជាមួយនឹងការកើនឡើង១ទ្រីលានដុល្លារត្រឹមពេលមួយខែប៉ុណ្ណោះ

សហរដ្ឋអាម៉េរិក៖ ទិន្នន័យចុងក្រោយរបស់ក្រសួងរតនាគារជាតិអាម៉េរិកបានបង្ហាញថា បំណុលជាតិសហរដ្ឋអាម៉េរិកសរុបបានកើនឡើងដល់ទឹកប្រាក់២៦ទ្រីលានដុល្លារជាលើកដំបូង ជាមួយនឹងការកើនឡើង១ទ្រីលានដុល្លារត្រឹមពេលមួយខែប៉ុណ្ណោះ នេះបើតាមសារព័ត៌មាន RT នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ។

បើតាមរបាយការណ៍របស់ក្រសួងរតនាគារជាតិអាម៉េរិក បំណុលជាតិបានកើនឡើងចាប់ពី២៣.៥ទ្រីលានដុល្លារកាលពីខែមិនា ជាមួយនឹងការកើនឡើង១ទ្រីលានដុល្លារកាលពីថ្ងៃទី០៥ ខែឧសភាកន្លងទៅនេះ ។ ហើយចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីអាម៉េរិកមក បំណុលជាតិបានកើនឡើង៦ទ្រីលានដុល្លារ។ កំណើននៃបំណុលជាតិខាងលើនេះ គឺដោយសារការវិភាជថវិកាជាតិ ដើម្បីឆ្លើយតបទៅនឹងវិបត្តិមួយចំនួន ដែលបង្កឡើងដោយសារការរាតត្បាតនៃវីរុស COVID-19។

យោងតាមរបាយការណ៍ប្រចាំខែរបស់ក្រសួងរតនាគារជាតិអាម៉េរិក បានឱ្យដឹងទៀតថា ឱនភាពថវិកា របស់រដ្ឋាភិបាលសហព័ន្ធក្នុងរយៈពេល០៨ខែ ពោលគឺចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ បានកើនឡើងដល់១.៨៨ទ្រីលានដុល្លារ ខណៈចំនួននេះកើនឡើងខ្ពស់ខ្លាំង បើធៀបទៅនឹងឆ្នាំមុន និង ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាម៉េរិក ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner