ក្រសួងបរិស្ថាន រួមជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនកូកា-កូឡាកម្ពុជា ប្រគល់ធុងបែកចែកសំរាមជូនដល់សាលារៀននៅខេត្តព្រះសីហនុ

អត្ថបទដោយ៖
Kien Sereyvuth

ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានប្រគល់ធុងបែងចែកសំរាមចំនួន៥០ធុង មានចំនួនសរុប១៣០ ប្រឡោះ ជូនដល់សាលារៀនចំនួន១០ នៅក្នុងខេត្តព្រះសីហនុ។ ពិធីប្រគល់ និងទទួល បានរៀបចំឡើង  នៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នេះ ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងមានការចូលរួមពីតំណាងក្រសួង និងមន្ទីរ អប់រំ យុវជន និងកីឡា មន្ទីរបរិស្ថាន មន្រ្តីឧទ្យានុរក្ស តំណាងក្រុមហ៊ុនកូកា-កូឡាកម្ពុជា អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ មួយចំនួន។

ពិធីផ្តល់ធុងបែងចែកសំរាមតាមសាលារៀន ក្នុងខេត្តព្រះសីហនុ ធ្វើឡើងក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងពីការគ្រប់គ្រង សំណល់រឹងនៅតាមសាលារៀន  ជាពិសេសផ្តោតសំខាន់លើការបែងចែកសំណល់កែច្នៃ មិនអាចកែច្នៃ និងសំណល់សរីរាង្គ  ក៏ដូចជាការបំផុសស្មារតីស្រលាញ់បរិស្ថាននៅជុំវិញខ្លួន របស់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីផងដែរ។ ការមានទម្លាប់ល្អនៅសាលាលរៀន សិស្សានុសិស្សអាចយកទៅផ្សព្វផ្សាយ និងអនុវត្តន៍ល្អនៅគេហដ្ឋានរបស់ពួកគេ។

លោក មាស វុត្ថា នាយកផ្នែកលក់ប្រចាំប្រទេស នៃក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានឱ្យដឹងថា «កិច្ចសហការនាថ្ងៃនេះគឺជាផ្នែកមួយនៃការជួយគាំទ្រគម្រោងជាសកល ដែលមានឈ្មោះថា «ពិភពលោកគ្មានសំរាម» ដែលអនុវត្តន៍តាមសរសរស្តម្ភ៣គឺ «រចនា» «ប្រមូលកែច្នៃ» និង «ចាប់ដៃគូសហការ»។  លោកបានបន្តទៀតថាក្រុមហ៊ុន កំពុងព្យាយាមគ្រប់សកម្មភាពដើម្បី សម្រេចឱ្យបានក្នុងឆ្នាំ២០៣០ នូវគោលដៅ «ប្រមូល» ឱ្យបាន ៥០% នៃចំនួនសំបកវេចខ្ចប់សរុបដែលយើងបានប្រើប្រាស់ យកទៅកែច្នៃឡើងវិញ។

ជាសាក្ខីភាពនៃការសម្រេច បាននូវមួយជំហានទៀតចំពោះគោលដៅជាសាកលនេះ ដោយក្នុងឆ្នាំ២០២០នេះ  ក្រុមហ៊ុននឹងចេញលក់ទឹកពិសាដាសានីចំនុះ៣៥០មីលីលីត្រ ដែលមានសំបកដបវេចខ្ចប់បានមក ពីប្លាស្ទិកកែច្នៃឡើងវិញរួច ១០០% ឬហៅថា «rPET» ដោយអនុលោមតាមស្តង់ដារអូស្ត្រាលី និងកាណាដា»។ ក្នុងឱកាសនោះ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថានបានថ្លែងអំណរគុណចំពោះកិច្ចសហការនេះ ហើយបានលើកឡើងថា«ការគ្រប់គ្រងសំណល់ និងបរិស្ថាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល  គឺជាកាតព្វកិច្ចរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូបផងដែរ។

ក្នុងន័យនេះ ការចូលរួមរបស់វិស័យឯកជនក្នុងកិច្ចគាំពារបរិស្ថាន គឺជាទង្វើដ៏ប្រពៃដែលឆ្លុះបញ្ចាំងពីការ សាមគ្គីរបស់វិស័យឯកជនចំពោះបរិស្ថានកម្ពុជា។ ឯកឧត្តម បន្ថែមថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល  ដោយមានការចូលរួមពីវិស័យឯកជន ជាពិសេសការយល់ដឹងពីការគ្រប់គ្រងសំណល់រឹងរបស់សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋ នឹងធ្វើឱ្យបរិស្ថានកម្ពុជាមានភាពប្រសើរឡើង»។

ក្រោមគម្រោងជាសកល «ពិភពលោកគ្មានសំរាម» គិតចាប់ពីចុងឆ្នាំ២០១៨ រហូតមកដល់ត្រឹមថ្ងៃនេះ ក្រុមហ៊ុនកូកា-កូឡា និងដៃគូសហការទាំងអស់ បានរួមគ្នាផ្តល់ធុងបែកចែកសំរាមជាង៨០០ធុង និងសារអប់រំបរិស្ថានរាប់រយផ្ទាំង ជូនដល់សាលារៀន និងសហគមន៍នៅទូទាំងប្រទេស។ ក្នុងឆ្នាំ២០២០នេះ ធុងសំរាមចំនួនជាង២០០ផ្សេងទៀត  នឹងផ្តល់ជូនសាលារៀន និងសហគមន៍ផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner