សហរដ្ឋអាម៉េរិកគ្រោងដាក់ទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ឆ្លើយតបនឹងការស៊ើបអង្កេតអំពីឧក្រិដ្ឋកម្មសង្រ្គាមអាម៉េរិកនៅអាហ្វហ្គានីស្ថាន

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងបុគ្គល ដែលជាប់ទាក់ទិននឹងដំណើរការស៊ើបអង្កេតរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជុំវិញការសង្ស័យថា កងទ័ពអាម៉េរិកបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅអាហ្វហ្គានីស្ថាន នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ។

ប្រតិកម្មរបស់លោក ដូណាល់ ត្រាំ ខាងលើ កើតមានឡើងក្រោយតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានសម្រេចបើកការស៊ើបអង្កេតរឿងនេះ បន្ទាប់ពីលទ្ធផលនៃការត្រួតពិនិត្យជាបឋមរបស់ក្រុមរដ្ឋអាជ្ញារបស់ខ្លួនកាលពីឆ្នាំ២០១៧ រកឃើញថា ឧក្រិដ្ឋកម្មសង្រ្គាមនៅអាហ្វហ្គានីស្ថាន អាចនឹងធ្វើឡើងដោយកងកម្លាំងអាម៉េរិក ហើយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និង ក្រុមតាលីបង់ក៏ត្រូវបានចោទប្រកាន់ដែរថា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមដូចគ្នាដែរ ។

ហើយតាមរយៈបទបញ្ជារបស់លោក ត្រាំ ខាងលើនេះ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ នឹងពិភាក្សាជាមួយរដ្ឋមន្រ្តីរតនាគារជាតិ លោក ស្ទេវិន ម៉ានូឈីន ដើម្បីចាត់វិធានការរាំងបង្កកទ្រព្យសម្បត្តិរបស់បុគ្គលិកតុលាការ ICC ដែលពាក់ព័ន្ធក្នុងដំណើរការស៊ើបអង្កេតនោះ នៅទឹកដីរបស់សហរដ្ឋអាម៉េរិក ក៏ដូចជាដាក់បម្រាមធ្វើដំណើរលើបុគ្គលទាំងនោះផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner