សហរដ្ឋអាម៉េរិកមានអ្នកឆ្លង COVID-19 សរុបកើនឡើងលើស២លានករណីហើយ

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាម៉េរិក៖ យោងតាមរបាយការណ៍របស់សាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា សហរដ្ឋអាម៉េរិកមានចំនួនអ្នកឆ្លង COVID-19 សរុបកើនឡើងដល់២លាន៨ម៉ឺន៩ពាន់៧០១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១១ម៉ឺន៦ពាន់៣៤នាក់ស្លាប់ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ខណៈតួលេខនេះធ្វើឲ្យសហរដ្ឋអាមេរិកនៅតែជាប្រទេស ដែលមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេលើពិភពលោក នេះបើតាមសារព័ត៌មាន CGTN ។

ក្នុងសប្តាហ៍នេះ មានរដ្ឋចំនួន២១របស់សហរដ្ឋអាម៉េរិកបានរាយការណ៍អំពីចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃច្រើនបំផុត ដែលពួកគេមិនធ្លាប់មាន ដោយករណីឆ្លងកើនខ្លាំងនេះ មាននៅបណ្តារដ្ឋភាគខាងលិច និងរដ្ឋនិរតីសហរដ្ឋអាម៉េរិក ដូចជារដ្ឋ Arizona, New Mexico, Texas និង Utah ។

ចំនួនឆ្លងកើនឡើងនេះ កើតមានឡើងក្រោយពីអាជ្ញាធរតាមរដ្ឋនានា បានចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតត្បិតសេដ្ឋកិច្ចសង្គម រួមទាំងក្នុងអំឡុងទិវារំឭកវិញ្ញាណក្ខន្ធយុទ្ធជនអាម៉េរិក (Memorial Day) កាលពីចុងខែឧសភា ដែលកត់សម្គាល់ការចាប់ផ្តើមនៃវិសមកាលរដូវក្តៅ ។

ទន្ទឹមគ្នា អ្នកជំនាញក៏សម្តែងការព្រួយបារម្ភដែរថា បាតុកម្មទូទាំងសហរដ្ឋអាម៉េរិកអស់ជាងពីរសប្តាហ៍មកនេះ ដើម្បីរកយុត្តិធម៌ឲ្យពលរដ្ឋស្បែកខ្មៅដែលបានស្លាប់ដោយសារប៉ូលិសស្បែកស នឹងនាំឲ្យមានការឆ្លងកាន់តែកើនឡើង ដោយរូបភាពតាមវីដេអូបង្ហាញថា ក្រុមបាតុករបានដើរប្រគៀកគ្នា បើទោះបីពួកគេជាច្រើនបានពាក់ម៉ាស់ក៏ដោយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner