ផ្ទុះអាវុធជាច្រើនគ្រាប់ ពីសំណាក់ក្រុមជនអាណាមិក សំដៅលើក្រុមឧទ្យានុរក្សក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង

អត្ថបទដោយ៖
Kien Sereyvuth

ស្នូរគ្រាប់កាំភ្លើងពីសំណាក់ក្រុមជនមិនស្គាល់មុខ បានបាញ់សំដៅទៅលើក្រុមមន្រ្តីឧទ្យានុរក្ស ខណ:កំពុងដើរល្បាតក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងតែពុំមានអ្នករងរបួសនោះឡើយ។ ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៤០នាទីយប់ ក្នុងថ្ងៃទី១០មិថុនាកន្លងទៅ ស្ថិតក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ។

សេចក្តីរាយការណ៍បានឲ្យដឹងថា៖ នៅចំណុចភូមិសាស្ត្រត្រពាំងអង្គ្រង ភូមិខិះស្វាយ ឃុំព្រែកមាស ស្រុកសៀមប៉ាង មានក្រុមជនមិនស្គាល់មុខប្រដាប់ដោយអាវុធកែច្នៃបានបាញ់មួយគ្រាប់ខណ:ក្រុមល្បាតបានចុះត្រៀមកម្លាំង ពេលនោះក្រុមជនល្មើសបានបាញ់មកលើទីតាំងស្នាក់នៅរបស់ក្រុមមន្ត្រីឧទ្យានុរក្សចំនួន០២គ្រាប់ទៀត ឯក្រុមល្បាតក៏បាញ់តបតទៅវិញដើម្បីការពារខ្លួន គ្រានោះក្រុមជនអាណាមិក ក៏បានបាញ់សន្ធាប់មកលើក្រុមល្បាតជាច្រើនគ្រាប់ទៀត ដោយបាញ់តបតទៅវិញជាច្រើនគ្រាប់នោះ ធ្វើឲ្យក្រុមជនល្មើសដកថយគេចខ្លួនបាត់ ។

ក្រោយពេលមានការប្រឈមដាក់គ្នា រវាងក្រុមអាណាមិក ជាមួយក្រុមមន្រ្តីឧទ្យានុរក្សនោះនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារចម្រុះ នៃកងកម្លាំងប្រដាប់អាវុធ មានកម្លាំងយោធាយោធភូមិភាគ១ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ខេង សារុន មេបញ្ជាការរង កម្លាំងអាវុធហត្ថខេត្ត ដឹកនាំដោយលោក គង់ សាវឿន មេបញ្ជាការរង រួមនិងគណ:អភិបាលស្រុកសៀមប៉ាង បានចុះពិនិត្យលើទីតាំងកើតហេតុផ្ទុះអាវុធនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងចំណុច UTM ខាងលើផងដែរ ។

លោកឧត្តមសេនីយ៍ទោ ខេង សារុន បានបញ្ជាក់ថា៖ លោកបានបញ្ជាឲ្យកងកម្លាំង យោធាយោធភូមិភាគ១ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ទាំងអស់ត្រូវចាំឃ្លាំមើល ក្រែងមានប្រជាជនឡាវចូលឆ្លងដែនខុសច្បាប់មកបរបាញ់សត្វនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង តែទោះបីជាយ៉ាងណា យើងនៅមិនទាន់ដឹងថាក្រុមអាណាមិកនោះ ជាកម្លាំងខាងណាឲ្យពិតប្រាកដនោះនៅឡើយទេ ។

គួរបញ្ជាក់ថា៖ នៅយប់ថ្ងៃកើតហេតុនោះ គេឃើញមានមនុស្ស៩នាក់ ប្រដាប់ដោយអាវុធកែច្នៃគ្រប់ដៃ មានកូមឆ្លុះបំភ្លឺគ្រប់គ្នា បានដើរបរបាញ់សត្វ ហើយបានប្រទះជាមួយក្រុមល្បាតដែលកំពុងស្នាក់នៅចំនុចកើតហេតុ ហើយក៏បានបាញ់សំដៅមកលើក្រុមល្បាត ភ្លាមនោះ ក្រុមល្បាតក៏បានបាញ់តបតទៅវិញ។ ហើយភស្តុតាងដែលបានបន្សល់ទុក ក្រោយការប្រឈមដាក់គ្នានោះ គេបានរកឃើញនូវសំបកគ្រាប់ចំនួន១២គ្រាប់ ជាប្រភេទគ្រាប់អាកា៤៧ ៕ ដោយ៖ ដេង ម៉ាវិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner