មេបញ្ជាការកងទ័ពជើងគោក បានប្រគល់គ្រឿងឧបភោគបរិភោគ ដល់សមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង ដើម្បីបែងចែកដល់គ្រួសារយោធិន ដែលមានជីវភាពខ្វះខាត

ខេត្តស្ទឹងត្រែង៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តល់អង្ករ ៣តោន និងមី២០០កេស ដល់សមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង ដើម្បីបម្រើដល់វិស័យមនុស្សធម៌ ,ឧបត្ថម្ភដល់គ្រួសារយោធិន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយទឹកជំនន់ នៅពេលកន្លងទៅនោះ។

ពិធីប្រគល់ និងទទួលគ្រឿងឧបភោគ បរិភោគនោះ បានធ្វើឡើងតាមរយៈតំណាងរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាអគ្គលេខាធិការរង សមាគមន៍អតីតយុទ្ធជនកម្ពុជា កាលពីថ្ងៃទី៦ធ្នូ២០២០ ដែលមានការអញ្ជើញទទួលអំណោយពី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង និងជាប្រធានសមាគមន៍អតីតយុទ្ធជនខេត្ត លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន និងមានការចូលរួមពី មន្ត្រី នៃអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត នៅក្នុងអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង។

ជំនួយការ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺលោកអនុសេនីយ៍ឯក វ៉ាំង សុភា បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីមេបញ្ជាការកងទ័ពជើងគោក ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ក៏ដូចជាគ្រួសារយោធិន និងគ្រួសារអតីតយុទ្ធជនទាំងអស់ នៅគ្រានោះផងដែរ។

លោកអនុសេនីយ៍ឯក វ៉ាំង សុភា បានឲ្យដឹងថា អំណោយដែលបាននាំយកមកប្រគល់ជូន សមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង នៅក្នុងពេលនេះ មានអង្ករ ៣តោន និងមី ២០០កេស សម្រាប់យកទៅឧបត្ថម្ភដល់គ្រួសារយោធិន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយទឹកជំនន់ នៅពេលកន្លងទៅនោះ សម្រាប់ដោះស្រាយជីវភាពរស់នៅបានមួយវេលា នៅក្នុងដំណាក់កាលដែល ពិភពលោក និងប្រទេសកម្ពុជា កំពុងប្រឈមនឹងវិបត្តិ នៃការរីករាលដាលជំងឺកូវី១៩ និងសូមឲ្យជៀសផុតពីជំងឺដ៏កាចសាហាវនេះ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ,អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលតែងតែបានឧបត្ថម្ភគាំទ្រ ដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ទាំងកងទ័ព នគរបាល និងកងរាជអាវុធហត្ថជាតិ ជាពិសេស កម្លាំងដែលស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ កម្ពុជា-ឡាវ និងកម្ពុជា-វៀតណាម គឺសម្តេចតែងតែយកចិត្តទុកដាក់ ដោយនៅក្នុងរដូវភ្លៀង បានផ្តល់ជូនអាវភ្លៀង និងនៅក្នុងរដូវរងារ បានផ្តល់ជូននូវអាវរងារ ហើយនឹងការជួយឧបត្ថម្ភ ដល់ការងារអតីតយុទ្ធជន ផ្តល់ជូនគ្រប់ខេត្ត ដើម្បីផ្តល់លទ្ធភាពដល់ប្រធានអង្គភាព នាំយកទៅចែកជូនដល់គ្រួសារយោធិន និងអតីតយុទ្ធជន ដែលមានការលំបាកខ្វះខាតក្នុងជីវភាពរស់នៅ។

លោកឧត្តមសេនីយ៍ មេបញ្ជាការបានបន្តថា នៅក្នុងថ្ងៃចន្ទនេះ គណៈកម្មាការសមាគមន៍ នឹងបន្តនាំយកអង្ករ មី ដែលជាអំណោយរបស់ថ្នាក់ដឹកនាំ ,ថវិកា និងគ្រឿងបរិភោគជាច្រើនមុខទៀត របស់សមាគមន៍ខេត្ត ដើម្បីនាំយកទៅចែកជូនគ្រួសារយោធិន និងគ្រួសារអតីតយុទ្ធជន នៅតាមខ្នងផ្ទះនីមួយៗ ដល់មូលដ្ឋានរស់នៅដោយផ្ទាល់ ក្នុងបុព្វហេតុមនុស្សធម៌ សង្គមធម៌ ដែលជាការចូលរួមរំលែកការលំបាក និងកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ៕ដោយ៖ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner