អ្នកជំនាញសេដ្ឋកិច្ចប្រាប់ពីប្រភេទកសិផលដែលពលរដ្ឋខ្មែរគួរបង្កើនការដាំដុះសម្រាប់ទីផ្សារនាំចេញក្នុងរយៈពេល 2-3ឆ្នាំខាងមុខ

ភ្នំពេញ ៖ ក្នុងខណៈពេលដែលវីរុសកូវីដ-19 កំពុងតែរាតត្បាតលើពិភពលោកធ្វើឱ្យវិស័យជាច្រើនកំពុងតែរងគ្រោះ ប៉ុន្តែវិស័យកសិកម្មមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនៅឡើយ ហើយថែមទាំងអាចជំរុញវិស័យនេះឱ្យបង្កើនសង្វាក់ផលិតកម្មបន្ថែមទៀត ដែលការអភិវឌ្ឍវិស័យកសិកម្មដែលអាចជួយស្តារសេដ្ឋកិច្ចបានទៀតផង។

បច្ចុប្បន្ន វិស័យកសិកម្មកម្ពុជា ដែលមានផលិតផលកសិ-ឧស្សហកម្មនាំមុខរួមមានអង្ករ-ស្រូវ កៅស៊ូ ដំឡូងមី ម្រេច ស្ករជាដើមដែលបាននឹងកំពុងនាំចេញ តែមិនទាន់អាចប្រកួតប្រជែងជាមួយនឹងបណ្តាប្រទេសជិតខាងបាននៅឡើយ ដោយសារផលិតផលទាំងនោះ ភាគច្រើនជាផលិតផលសម្គាល់ភូមិសាស្ត្រនៃប្រទេសកម្ពុជា និងមិនអាចធ្វើពាណិជ្ជកម្មក្នុងទ្រង់ទ្រាយធំបាននៅឡើយ។

ទីប្រឹក្សាឯករាជ្យនៃក្រុមហ៊ុនផ្លាស-អេជ លោក សម វិទូ បានប្រាប់ភ្នាក់ងារ AMSដែរថា៖ «ផលិតផលកសិកម្មកម្ពុជាដែលនាំចេញរបស់យើងមានដូចជាកៅស៊ូ ដំឡូង ដូង ស្រូវ (កែច្នៃជាអង្ករ) ដែលជាដំណាំកសិ-ឧស្សហកម្ម និងមួួចំនួនតូចជាប្រភេទបន្លែមិនទាន់កែច្នៃ ដែលយើងបាននាំចេញជាផលិតផលវត្ថុធាតុដើមនៅឡើយ»។

រូបភាព ៖ លោក សម វិទូ ទីប្រឹក្សាឯករាជ្យនៃក្រុមហ៊ុនផ្លាស-អេជ

លោកថា «បើយើងនិយាយពីការនាំចេញ យើងគួររកផលិតផលអីសម្រាប់ទីផ្សារ ឧទាហរណ៍ គឺផលិតផលណាដែលមានលក្ខណៈពិសេសសម្រាប់ប្រទេសខ្មែរយើងតាមតំបន់ដូចជា អង្ករក្រអូប ក្រយា ក្រចកចាបជាពូជពីដើម ជាពូជពិសេសដែលមានតាមតំបន់ និងអាចនាំចេញបាន តែក៏ចាំបាច់យើងត្រូវធ្វើការផ្សព្វផ្សាយ បើយើងមិនផ្សាយពីភាពល្អរបស់ផលិតផលយើង ក៏មិនអាចធ្វើការប្រកួតប្រជែងបានដែរ។ដើម្បីឱ្យមានការប្រកួតប្រជែងបានល្អ បើយើងចង់ដាំបន្លែធ្វើម៉េច ឱ្យមានការប្រកួតប្រជែងបាន បើមើលពីតម្លៃ ផលិតផលបន្លែយើងដែលលក់ក្នុងស្រុកមានតម្លៃ ថ្លៃជាងបន្លែនាំចូលផងនោះ?។

លោកសម វិទូ បានបញ្ជាក់ទៀតថា «យើងអាចគិតថាផលិតណាខ្លះដែលជាផលិតផលពិសេសដូចម្រេចកំពតរបស់យើង ទោះបីមានតម្លៃធ្លាក់ចុះនៅលើពិភពលោក តែម្រេចរបស់យើងមិនធ្លាក់ថ្លៃទេ នេះជាលក្ខណៈពិសេស និងមានលក្ខណៈប្រកួតប្រជែងខ្ពស់។យើងមើលផលិតផលផ្សេងទៀត ដែលយើងអាចកែច្នៃ បើយើងលក់តែផលិតផលជាវត្ថុធាតុដើម ពិបាកនឹងប្រកួតប្រជែង ហើយត្រូវតែមានលក្ខណៈពិសេស និងស្របនឹងតម្រូវការរបស់ប្រទេសដែលយើងនាំចេញទៅផងដែរ»។

លោកបានលើកឡើងថា ការផលិតផលិតផលសរីរាង្គក្នុងការនាំចេញដូចទៅនឹងការអំពាវនាវ និងការណែនាំឱ្យរបស់ក្រសួងកសិកម្ម ដូចជា អង្ករ បន្លែ ទៅជាផលិតផលសរីរាង្គនោះជាការល្អ និងអាចជាការអភិវឌ្ឍថ្មីមួយសម្រាប់ការនាំចេញ ហើយយើងក៏បានឃើញក្រុមហ៊ុនមួយចំនួនក៏បានធ្វើមកហើយដែរ ទាក់ទងនឹងផលិតផលសរីរាង្គនេះ។ ប៉ុន្តែការធ្វើបែបនេះបានទាល់តែឱ្យមានថ្លៃដើមទាបទើបអាចប្រកួតប្រជែងទៅបាន និងឈានទៅរកទ្រង់ទ្រាយធំបានសម្រាប់វិស័យកសិកម្មក្នុងពេល 2ទៅ 3ឆ្នាំខាងមុខ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ AMSថា ដំណាំយុទ្ធសាស្ត្រឥឡូវពិបាកប៉ាន់ស្មានណាស់ ដូចសម័យកូវីដវាប្រែប្រួល បែរជាត្រូវផលិតផលស្រូវអង្ករទៅវិញ។ ចំពោះមុខដំណាំយុទ្ធសាស្ត្រ គឺដំណាំមនុស្សហូបបានដែលមានតម្រូវការខ្ពស់និងយូរអង្វែងដូចជាស្រូវ ពោតសណ្តែក អង្ករ ជាដើមលើកលែងតែផលិតផលកសិ-ឧស្សាហកម្ម កៅស៊ូ ដែលពិបាកជំរុញឱ្យវាបានទទួលផលរីកចម្រើនទៅមុខ។

រូបភាព ៖ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

លោកឧកញ៉ាបញ្ជាក់ថា «ដំណាំកសិកម្មដែលបានអនុវត្តកន្លងមកវាមានបញ្ហាប្រឈមធំបំផុត គឺថ្លៃដើមផលិតមានតម្លៃខ្ពស់ រួមមាន ថ្លៃដឹកជញ្ជូន ថ្លៃភ្លើង ជីរ មានតម្លៃថ្លៃថ្វីត្បិតតែថ្លៃកម្លាំងពលកម្មរបស់យើងទាបក៏ដោយ។ ដូចនេះយើងពិបាកនឹងប្រកួតប្រជែងជាមួយគេ។ កសិករយើងចេះតែស្រែកថា ដាំហើយអត់មានទីផ្សារ។ តាមពិតមិនមែនអត់ទីផ្សារទេ ទីផ្សារមាន បើអត់ទីផ្សារម៉េចគេអាចនាំចូលមកបាន ទាំងបន្លែត្រី សាច់ ? វាអាស្រ័យលើតម្លៃ គឺតម្លៃផលិតរបស់យើងមានថ្លៃដើមខ្ពស់ ជាងផលិតផលកសិកម្ម ដែលនាំចូលវាថោកជាង ដូច្នេះធ្វើឱ្យមានបញ្ហាយើងមិនអាចប្រកួតប្រជែងទីផ្សារបាន»។

តើយើងអាចធ្វើអ្វីបាន? យើងសម្លឹងឃើញថាជីរសម្រាប់ដាំបន្លែ និងចំណីសម្រាប់ចិញ្ចឹមត្រី ឬសត្វ ជាផលិតកម្មអាទិភាពដែលយើងគួរធ្វើ បានន័យថាយើងមានឱកាស តែចាំបាច់យើងសង្ឃឹមទៅលើអ្នកវិនិយោគបរទេស ដែលគាត់អាចនាំយកបច្ចេកវិទ្យា ទោះបីជាការចំណាយទុនដំបូងធំក៏ដោយ តែអាចផលិតបានច្រើនបំពេញការនាំចេញសម្រាប់ការផ្គត់ផ្គង់តាមតម្រូវការ និងមានតម្លៃដើមទាប។ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ា លឹម ហេង ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner