ចិនប្រើយុទ្ធសាស្ត្រវែងឆ្ងាយមួយដើម្បីឲ្យប្រាក់យ័នអាចផ្តួលប្រាក់ដុល្លារចេញពីតំណែង

CNN៖អ្នកណាក៏បានដឹងហើយថា ចិនតែងតែមានបំណងចង់បំបែកឥទ្ធិពល និងភាពរឹងម៉ាំរបស់រូបិយវត្ថុអាមេរិកគឺលុយដុល្លារចេញពីប្រព័ន្ធរូបិយប័ណ្ណជាសកលដើម្បីអាចឲ្យលុយយ័នរបស់ខ្លួនមានលទ្ធភាពកាន់តែខ្លាំងឡើងក្នុងការគ្រប់គ្រងលើទីផ្សារ ។

បន្ទាប់ពីបានត្រៀមខ្លួនអស់រយៈពេលជាច្រើនឆ្នាំរួចមក នៅក្នុងពេលនេះអ្នកជំនាញបានមើលឃើញថាចិនគឺកំពុងចាប់ផ្តើមធ្វើតេស្តទៅលើមហិច្ឆតាដំធំមួយនេះ ហើយតាមរយៈការដំណើរការច្របាច់លុយយ័នរបស់ខ្លួនជាមួយនឹងបច្ចេកវិទ្យាឌីជីថល ហើយវាបានកើតឡើងតាំងតែពីដើមឆ្នាំ2020 មកម្ល៉េះដោយសង្ឃឹមថាលុយយ័ននឹងក្លាយទៅជារូបិយបណ្ណដ៏មានឥទ្ធិពលខ្លាំងលើសដុល្លារទាំងប្រព័ន្ធឌីជីថលនិងប្រព័ន្ធមិនឌីជីថល។

ប្រភពដដែលបានអះអាងទៀតថា ការតេស្តសាកល្បងខ្នាតយក្សនេះគឺត្រូវបានធ្វើឡើងនៅក្នុងទីក្រុងធំៗរបស់ខ្លួនចំនួន4 ខណៈដែលទំហំប្រតិបត្តិការទៅលើសេវាកម្មឌីជីថលនេះគឺមានទំហំរហូតទៅដល់ 2000លានយ័ន ឬប្រមាណជា 300 លានដុល្លារអាមេរិករួចទៅហើយ។

អ្នកវិភាគមើលឃើញទៀតដែរថា ប្រសិនបើជោគជ័យផែនការនេះហើយចិនអាចដំណើរការប្រព័ន្ធលុយឌីជីថលមួយនេះទៅទូទាំងប្រទេសរបស់ខ្លួននោះវានឹងមិនមានប្រទេសណាមហាអំណាចសេដ្ឋកិច្ចមួយណាមានកម្លាំងខ្លាំងដូចចិននោះឡើយពាក់ព័ន្ធទៅនឹងរូបិយបណ្ណវត្ថុបែបឌីជីថលនេះខណៈដែលបច្ចុប្បន្នធនាគារកណ្តាលរបស់អ៊ឺរ៉ុបទើបតែបានត្រៀមខ្លួនសម្រាប់ដំណើរការឌីជីថលលុយអ៊ឺរ៉ូនៅឡើយ។

មន្ត្រីរដ្ឋាភិបាលចិនបានស្រែកផ្សព្វផ្សាយខ្លាំងៗថា អនាគតរបស់លុយយ័ន ក្នុងប្រព័ន្ធឌីជីថលគឺនឹងធ្វើឲ្យការទិញទំនិញ និងការចាយវាយកាន់តែងាយស្រួល និងសុវត្ថិភាពហើយបើទោះបីអ្នកប្រើប្រាស់មិនមានគណនេយ្យធនាគារ ឬសេវាកម្មហិរញ្ញវត្ថុណាក្តី។ ក្រៅតែពីនេះយើងអាចមើលឃើញទៀតថាប្រតិបត្តិការលុយស្ទើរតែនៅទូទាំងប្រទេសចិនគឺបានដំណើរការតាមប្រព័ន្ធឌីជីថលរួចទៅហើយ ហើយកាន់តែច្បាស់នោះគឺថាក្រុមហ៊ុនរ៉ាប់រងការចាយវាយទាំងនោះក៏សុទ្ធតែជាក្រុមហ៊ុនរបស់រដ្ឋទាំងអស់ផង។

លោក Frank Xie សាស្ត្រាចារ្យផ្នែកពាណិជ្ជកម្មនៅសកលវិទ្យាល័យ South Carolina Aiken បានមានប្រសាសន៍ថា ៖ ក្រៅតែពីអាចគ្រប់គ្រងទៅលើចំនួនព័ត៌មានដ៏លើសលប់មិនដែលធ្លាប់បានធ្វើពីមុនមក និងអំពីរបៀបដែលមនុស្សប្រើប្រាស់លុយរបស់គេហើយនោះឌីជីថលសម្រាប់លុយយ័នក៏នឹងអាចរារាំងលុយឌីជីថលផ្សេងទៀតដូចជា Bitcoin ផងដើម្បីអាចក្លាយទៅជាអង្គភាពតែមួយគត់ដែលនឹងគ្រប់គ្រងទៅលើប្រព័ន្ធនៃការប្រមូលផ្តុំទិន្នន័យបែបវិមជ្ឈកាល ឬប្រមូលផ្តុំទិន្នន័យតែម្នាក់ឯង (Decentralized Blockchain System)។

លោកបន្តថា ៖សារៈសំខាន់ដ៏ធំមួយទៀតសម្រាប់ចិនសម្រាប់កម្មវិធីប្រព័ន្ធឌីជីថលលើប្រាក់យ័ននោះគឺនឹងអាចអនុញ្ញាតិឲ្យរដ្ឋាភិបាលមានអំណាចកាន់តែខ្លាំងក្នុងការធ្វើការឃ្លាំមើលទៅលើសេដ្ឋកិច្ចនិងសង្គមទាំងមូល។ នេះហើយដែលជាមូលដ្ឋានគ្រឺះកន្លងមកចិនតែងតែបានព្យាយាមប្រញាប់ប្រញ៉ាល់ក្នុងការរុញច្រានពាណិជ្ជកម្ម និងអាជីវកម្មទាំងឡាយឲ្យក្លាយទៅជាអង្គភាពក្រោមចំណុះរបស់រដ្ឋ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner