រដ្ឋបាលខេត្តកែប ចុះពិនិត្យ អប់រំ ណែនាំពីវិធានការការពារការឆ្លងរីករាលដាលនៃជំងឺ Covid-19 ចូលសហគមន៍ ដល់ដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងរីស៊ត

អត្ថបទដោយ៖
ធី ដា

នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប បានដឹកនាំគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សមាជិកលេខាធិការដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យ អប់រំ ណែនាំដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន រីស៊តឱ្យមានការចូលរួមអនុវត្តន៍វិធានការការពារការឆ្លងរីករាលដាលនៃជំងឺ Covid-19 ដល់សហគមន៍ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ។

នៅក្នុងឱកាសនេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានមានប្រសាសន៍ថា បច្ចុប្បន្នជំងឺកូវីដ-១៩ បាននឹងកំពុងតែមានការរីករាលដាលឆ្លងក្នុងសហគមន៍ជាបណ្តើរៗហើយដូចជានៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដូច្នេះ ខ្ញុំសូមឲ្យអ្នកគ្រប់គ្រង និងបុគ្គលិកទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវប្រកាន់ភ្ជាប់នូវការពាក់ម៉ាស់ លាងដៃជាមួយអាល់កុលឲ្យបានញឹកញាប់ មានការគម្លាតសង្គមឲ្យបានត្រឹមត្រូវ ។

ម្ចាស់សណ្ឋាគារផ្ទះសំណាក់ រីស៊ត ភោជនីយដ្ឋាន អាហារដ្ឋាន ត្រូវណែនាំដល់បុគ្គលិកទាំងអស់ឲ្យពាក់ម៉ាស់ សម្អាតដៃជាមួយអាល់កុល និងដាក់អាល់កុលជូនភ្ញៀវដែលចូលមកសម្រាក និងពិសារអាហារ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាលក្នុងប្រយុទ្ធប្រឆាំង ការការពារ និងការទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍។

តាមរយៈការចុះពិនិត្យ អប់រំណែនាំនេះ សង្កេតឃើញថាតាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន ភោជនីយដ្ឋាននៅក្នុងខេត្តកែប មានការអនុវត្តត្រឹមត្រូវស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយបុគ្គលិកមានការពាក់ម៉ាស់ ដាក់អាល់កុលសម្រាប់ភ្ញៀវដែលចូលមកសម្រាក និងពិសារអាហារ៕ ដោយ៖ អ៊ិត រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner