ចំណុចណាខ្លះ ដែលធ្វើឲ្យអ្នកនឹករលឹកទឹកដីខេត្តសៀមរាប?
ទឹកដីក្រុងអង្គរពិតជាមានមន្តស្នេហ៍ដ៏ពិសេសដែលបានទាក់ចិត្តភ្ញៀវទេសចរមិនថាជាភ្ញៀវជាតិ ឬអន្តរជាតិឡើយ ជាហេតុនាំឲ្យអ្នកទស្សនាភាគច្រើនតែងតែត្រឡប់មកវិញនៅពេលដែលមានឱកាស ព្រោះតែលក្ខណៈពិសេសមួយចំនួនដែលរួមមានដូចខាងក្រោម ៖
ចរាចរណ៍មិនកកស្ទះ
បើអ្នកនៅរាជធានីប្រាកដជាមានអារម្មណ៍ធុញថប់នឹងការធ្វើដំណើរមិនថាជិត ឬឆ្ងាយ ដោយសារតែកកស្ទះជាមិនខាន តែពេលបានមកដល់ទឹកដីសៀមរាប មិនងាយប្រឈមនឹងបញ្ហាបែបនេះឡើយ លើកលែងតែថ្ងៃបុណ្យធំៗ នៅលើផ្លូវសំខាន់ៗមួយចំនួនប៉ុណ្ណោះ។
រុក្ខវិថីមានច្រើន
ប្រាកដណាស់! ផ្លូវក៏មានទំហំល្មម ហើយនៅមានអមដោយដើមឈើធំៗផ្តល់ជាម្លប់ត្រជាក់ចិត្ត ជាពិសេសនៅតាមមាត់ស្ទឹង និងតាមប្រាសាទនានា។
បណ្តុំនៃសម្បត្តិវប្បធម៌ដ៏ល្អឯក
ក្រៅពីប្រាសាទជាច្រើន សៀមរាបក៏មានវិចិត្រសាលសិល្បៈ មហោស្រពសិល្បៈ ថ្នាក់រៀនអំពីសិល្បៈខ្មែរ រោងសិប្បកម្ម និងកន្លែងទស្សនាជាច្រើន ដែលអាចឲ្យអ្នកទស្សនាសិក្សាស្វែងយល់អំពីវប្បធម៌ដ៏ត្រចះត្រចង់របស់ខ្មែរយើង។
សម្រស់ទីក្រុងដែលមានទាំងការអភិវឌ្ឍ និងការអភិរក្ស
បើសង្កេតមើលឲ្យជាក់ទៅ អ្នកនឹងមើលឃើញថា ទីក្រុងសៀមរាបត្រូវបានរៀបចំ និងតុបតែងដោយមានការផ្លាស់ប្តូរជាបន្តបន្ទាប់ឲ្យរឹតតែប្លែកភ្នែក និងប្លែកអារម្មណ៍ ស្របពេលដែលរក្សានូវលក្ខណៈដើមនៅតំបន់ខ្លះៗផងដែរ។
មានម្ហូបអាហារច្រើនប្រភេទ
ទោះបីមិនច្រើនដូចនៅរាជធានីក៏ដោយ ក៏សៀមរាបមានម្ហូបច្រើនបែបរសជាតិអ្នកសៀមរាប ពិសេសម្ហូបស្រែៗ ដូចជាមាន់ដុតប្រហុកអង្ក្រង កង្កែបបោក ខ្យងស្រែអប់អំបិលម្ទេស…។ល។
ស្ងប់ស្ងាត់ តែមិនស្ងាត់ជ្រងំ
សៀមរាបប្រៀបបាននឹងទីក្រុងតូចមួយដែលមានសភាពស្ងប់ស្ងាត់ អំណោយផលជាខ្លាំងសម្រាប់ការសម្រាកលំហែរយៈពេលវែង និងខ្លី បន្ទាប់ពីកាលវិភាគដ៏មមាញឹក តែក៏មិនស្ងាត់ខ្លាំងពេកនោះដែរ។
ភូមិឃុំមានសុវត្ថិភាព
ជាមួយនឹងការរក្សាសន្តិសុខដ៏ល្អ និងប្រកបដោយសុវត្ថិភាព អ្នកដើរកម្សាន្តនៅលើទឹកដីសៀមរាបជាទូទៅមិនចាំបាច់បារម្ភច្រើនឡើយ ទោះបីដើរលេងរាងយប់ជ្រៅបន្តិចក៏ដោយ។
ក្បែរធម្មជាតិ តែក៏មិនឆ្ងាយពីក្រុង
ត្រង់នេះ គឺចង់សំដៅដល់ការពិតដែលថាសៀមរាបមានទាំងធម្មជាតិខៀវខ្ចីស្រស់បំព្រង ត្រជាក់កាយរំសាយអារម្មណ៍ ព្រមទាំងភាពស៊ីវិល័យបែបជីវិតក្នុងទីក្រុង ស្របជាមួយគ្នាតែម្តង។
សម្រាប់អ្នកអានផ្ទាល់ តើអ្វីទៅដែលតែងតែធ្វើឲ្យអ្នកនឹកដល់សៀមរាប?




