លោក ឃួន ពិឡុត ចំណាយពេលបណ្តុះបណ្តាលក្មេងៗលើជំនាញម៉ូតូហោះ ព្រោះចង់ឲ្យក្មេងជំនាន់ក្រោយបង្ហាញវត្តមាន លើឆាកអន្តរជាតិ


អ្នកជំនាញរៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូហោះ នៅកម្ពុជា លោក ឃួន ពិឡុត អះអាងថា កក្តាដែលជម្រុញឲ្យលោក និងកូនប្រុស ឃួន បណ្ឌិត បុត្រ បើកសាលាបណ្តុះបណ្តាលជំនាញបើកម៉ូតូហោះដល់ក្មេងៗលើជំនាញម៉ូតូហោះ ព្រោះលោកចង់ឲ្យក្មេងៗជំនាន់ក្រោយ មានទេពកោសល្យ និងសមត្ថភាពគ្រប់គ្រាន់ចូលរួម ក្នុងព្រឹត្តិការណ៍ប្រណាំងកម្រិតអន្តរជាតិនាពេលអនាគត ។


អ្នកជំនាញម៉ូតូហោះរូបនេះ អះអាងទៀតថា លោក និងកូន បានចំណាយពេលវេលា បង្ហាត់បង្រៀនដល់ក្មេងៗ ជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ដោយមិនយកប្រាក់កម្រៃ ពីអាណាព្យាបាលពួកគេឡើយ ផ្ទុយទៅវិញ លោកថែមទាំងចំណាយថវិកាផ្ទាល់ខ្លួនលើការហូបចុក និងធម្យោបាយធ្វើដំណើរមកបង្ហាត់ថែមទៀតផង ។ សកម្មភាពទាំងអស់នេះ កើតចេញពីការស្រឡាញ់ ដើម្បីជម្រុញអភិវឌ្ឍកីឡាម៉ូហោះនៅកម្ពុជាឲ្យមានរីកចំរើន ដូចបណ្តាប្រទេសនៅក្នុងតំបន់ ពិសេសចង់ជម្រុញអភិវឌ្ឍធនធានក្មេងៗកម្ពុជាជំនាន់ក្រោយអោយកាន់តែច្រើន មានសមត្ថភាព និងសក្តានុពលអាចដណ្តើមពានរង្វាន់ឲ្យកម្ពុជា ពីការប្រណាំងកម្រិតអន្តរជាតិ ។

ចំណែកឯកុមារា ថាច់ ស្តេវិន ដែលកំពុងទទួលបានការបណ្តុះបណ្តាល លើជំនាញជិះម៉ូតូហោះ ពីលោក ឃួន ពិឡុត បានប្តេជ្ញាថា នឹងខិតខំហាត់ហ្វឹកហ្វឺនជំនាញម៉ូតូហោះនេះ ឲ្យ ក្លាយជាកីឡាករខ្លាំងមួយរូបរបស់កម្ពុជានាពេលអនាគត ។
គួររំលឹកថា លោក ឃួន ពិឡុត គឺជាអ្នកជំនាញរៀបចំព្រឹត្តិការណ៍ប្រណាំង នៅកម្ពុជា រីឯ កូនប្រុសលោក ឃួន បណ្ឌិតបុត្រា គឺជាកីឡាករប្រណាំងម៉ូតូលំដាប់ជួរមុខនៅកម្ពុជា និងធ្លាប់ប្រណាំងឈ្នះពាន ពីប្រទេសថៃជូនកម្ពុជាផងដែរ ។


សូមបញ្ជាក់ថា សាលាការបណ្តុះបណ្តាលជំនាញជិះម៉ូតូហោះនេះ លោក និងកូនប្រុសបានបើកប្រមាណជាជាងកន្លះឆ្នាំមកហើយ នៅទីលានប្រណាំងម៉ូតូ ក្នុងសង្កាត់ ព្រែកតាសេក ខណ្ឌ ជ្រោយចង្វា រាជធានីភ្នំពេញ ។
