អគ្គលេខាធិការ CAMSOC បញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតក តេជោ សាងសង់បាន៨៥% ហើយ ដោយបានបំពាក់ដំបូល ជារចនាបទក្បាច់ផ្កាចន្ទ និងបំពាក់កៅអីមានព៌ណចំរុះ

ថ្លៃងក្នុងបទសម្ភាសន៍តាមទូរសព្ទ ជាមួួយក្រុមការងារព័ត៌មានកីឡារបស់អគ្កនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ ឯ ឧ វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា ពហុកីឡដ្ឋានជាតិ មរតក តេជោ (ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ) ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន បានសាងសង់ប្រមាណជា៨៥% នឹងគ្រោងបញ្ចប់ការសាងសង់រួចរាល់នៅខែឧសភាខាងមុខនេះ ។


ឯ ឧ វ៉ាត់ ចំរើន បន្ថែមទៀតថា ចាប់តាំងពីសម្តេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានអញ្ជើញចុះត្រួតពិនិត្យ ការត្រៀមរៀបចំទីលានប្រកួតកីឡាមួយចំនួន និងពិនិត្យមើលវឌ្ឍនភាពការងារសាងសង់កីឡដ្ឋានដ្ឋានធំ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០កន្លងទៅ គិតមកដល់ពេលនេះ បានសាងសង់ប្រមាណជា៨៥%ហើយ ដោយភាគីចិន បានពន្លឿនការងារបានច្រើន ក្នុងនោះបានបំពាក់ដំបូល ជារចនាបទក្បាច់ផ្កាចន្ទបាន ១០%ទៅ២០% បំពាក់កៅអីមានព៌ណចំរុះបន្ថែម មានព៌ណស ខៀវ និងបៃតង ដែលមើលទៅហាក់ដូចជាមនុស្សកំពុងអង្គុយទស្សនា បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអនុម័ត ។
ឯ ឧ វ៉ាត់ ចំរើន បញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការសាងសង់ ពហុកីឡដ្ឋាជាតិមរតកតេជោ និងរៀបចំការប្រកួតសាកល្បង ដូចជាកីឡាបាល់ទាត់ ជាពិសេសការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិកម្ពុជា-ចិន ដើម្បីអបអរសាទរពិធីដាក់អោយប្រើប្រាស់ជាផ្លូវការ អោយមានភាពអធិអធម និងថ្លែងអំណរគុណដល់មិត្តចិនផងដែរ ។



សូមបញ្ជាក់ថា តាមការបញ្ជាក់ពីក្រុមហ៊ុនសាងសង់ ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបញ្ចប់ការសាងសង់ នាខែឧសភា ឆ្នាំ២០២១ ដោយត្រូវការពេលវេលាបន្ថែម ក្នុងការបំពាក់កៅអី កញ្ចក់ ការតុបតែងផ្សេងៗ ជាពិសេស គឺការតុបតែងផ្នែកខាងក្នុងកីឡដ្ឋានធំ ដូចជាទីលានបាល់ទាត់ ទីលានរត់អត្តពលកម្ម សណ្ឋាគារ បន្ទប់ VIP ដោយយើងសង្ឃឹមថា នៅពាក់កណ្តាលឆ្នាំ២០២១នឹងបញ្ចប់ការ សង់សង់កីឡដ្ឋានធំទាំងស្រុង ហើយនៅឆ្នាំ២០២២ យើងត្រៀមបើកសម្ពោធការប្រកួតកីឡាជាតិ លើកទី៤ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ។ ក្នុងនោះមានភូមិកីឡា គឺជាកន្លែងហូបចុកស្នាក់នៅរបស់អត្តពលិក ដែលអាចកាត់បន្ថយការចំណាយ លើការរៀបចំនេះបានច្រើន ដែលអត្តពលិក គ្រូបង្វឹកអាចហូបចុក ស្នាក់នៅទីនេះជុំគ្នា ផ្តល់ភាពងាយស្រួល ក្នុងការប្រកួត ហើយមិនចំណាយលើការស្នាក់នៅសណ្ឋាគារ និងការដឹកជញ្ជូនជាដើម ៕
