អ្នកសេដ្ឋកិច្ចបង្ហាញពីផលប៉ះពាល់ ប្រសិនបើមានការឆ្លៀតឱកាសតម្លើងថ្លៃទំនិញក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺ Covid-19

នៅពេលដែលជំងឺ Covid-19 ត្រូវបានរកឃើញជាបន្តបន្ទាប់នៅកម្ពុជា គេក៏សង្កេតឃើញថាទំនិញមួយចំនួន ដូចជាគ្រឿងបរិភោគបានឡើងថ្លៃ ជាពិសេសម៉ាស អាល់កុល និងទឹកលាងដៃជាដើម ដែលមានជនឆ្លៀតឱកាសមួយចំនួនកើបយកប្រាក់ចំណេញសន្ធឹកសន្ធាប់ពីការរងគ្រោះរបស់ប្រជាពលរដ្ឋដោយការលក់តម្លើងតម្លៃទៅវិញ។

ស្ថិតនៅក្នុងគ្រាដែលកំពុងមានអាសន្នប្រឈមទៅនឹងហានីភ័យនៃវិបត្តិជំងឺកូវីដ-19 ក្នុងសហគមន៍នាពេលបច្ចុប្បន្ន រារដ្ឋាភិបាលកម្ពុជាមានក្ដីបារម្ភជាខ្លាំង ជាមួយនឹងការសំណូមឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្ន រក្សាអនាម័យ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។
រួមជាមួយគ្នានេះ គេក៏សង្កេតឃើញមានបណ្តាសប្បុរសជនមួយចំនួនចេះជួយគ្នាក្នុងគ្រាអាសន្នទៅតាមលទ្ធភាពដែលអាចធ្វើទៅបានដោយការលះបង់ទាំងកម្លាំងកាយចិត្ត និងសម្ភារៈជួយដល់អ្នករងគ្រោះនិងមិនត្រូវបានកេងចំណេញនោះទេ។

លោកបណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិបានប្រាប់ AMSថា៖ « ខ្ញុំជឿជាក់ថា ក្នុងវិធានការរយៈពេលខ្លីនេះមិនទាន់ជះឥទ្ធិពល ឬមានជនមួយក្តាប់តូចណាឈានដល់ការដំឡើងថ្លៃទំនិញលើទីផ្សារនៅឡើយទេ។ នេះបើតាមការអង្កេតរបស់ខ្ញុំទៅលើទីផ្សារទូទៅ និងទីផ្សារទំនើបក្តី។ ប្រសិនបើមានការដំឡើងថ្លៃហួសហេតុនោះ វានឹងអាចមានហានីភ័យធំសម្រាប់ប្រទេសទាំងមូល អ្នកប្រព្រឹត្តក៏មានការប្រឈមទៅនឹងមុខច្បាប់ផងដែរ។ រដ្ឋាភិបាលយើងប្រាកដជាមានការប្រុងប្រយ័ត្នជៀសវាងមានជនមួយក្តាប់តូចបង្កបញ្ហាទាំងអស់ហ្នឹង»។

បើតាមលើកឡើងរបស់លោកបណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់ថា ទាក់ទងស្ថានភាពរលកថ្មីនៃជំងឺកូវីដ-19 នៃការឆ្លងចូលសហគមន៍បានធ្វើឱ្យកើតជាបញ្ហាធំសម្រាប់ឱ្យរាជរដ្ឋាភិបាលកម្ពុជា ដែលបាន និងកំពុងខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង ព្រោះការរីករាលដាលជំងឺកូវីដ-19 នៅក្នុងសហគមន៍នេះបានបង្កបញ្ហា និងផលលំបាកដល់សេដ្ឋកិច្ចនៃបណ្តាប្រទេសនានាលើសាកលលោករួចមកហើយ។

លោកបញ្ជាក់ទៀត «យើងគ្រប់គ្នាគួរចាប់អារម្មណ៍នៅក្នុងការតម្លើងថ្លៃម៉ាស អាល់កុល និងទឹកលាងដៃ ដែលមានតម្រូវការខ្ពស់ក្នុងស្ថានការណ៍បច្ចុប្បន្ននេះមាន2ប្រភេទ។ ប្រភេទទី1-ពេលមានតម្រូវការគាត់ តម្លើងថ្លៃ (គាត់ទិញស្តុកទុក ពេលមានតម្រូវការគាត់លក់យកចំណេញ ដោយតម្លើងថ្លៃខ្ពស់តែម្តង)។ ប្រភេទទី2-យើងពិបាកបន្ទោសគាត់ ដោយអ្នកលក់ទាំងនោះគាត់ទិញពីគេដែរ គាត់មិនមែនអ្នកផលិតទេ ដូចជាទំនិញម៉ាស ជែល អាល់កុល ស្រោមដៃ សម្រាប់ការពារ វីរុសកូវីដ-19 គាត់ទិញពីគេថ្លៃ ការលក់ថ្លៃជៀសមិនផុតទេ តែអ្នកខ្លះក៏ប្រើឱកាសនេះ តម្លើងថ្លៃខ្ពស់ហួសហេតុពេកដែរ»។

ការតម្លើងថ្លៃទំនិញខ្ពស់ហួសហេតុនេះជាដើមចម ដែលមានមជ្ឈដ្ឋានមួយចំនួនបារម្ភថា ពេលឧបករណ៍មានតម្រូវការខ្ពស់ឡើងថ្លៃ(ម៉ាស អាល់កុល និងទឹកលាងដៃ) អ្នកលក់ ត្រីសាច់ និងបន្លែ ឬគ្រឿងឧបភោគបរិភោគ គាត់ក៏ត្រូវការឧបករណ៍មកការពារសុវត្ថិភាព គាត់ទិញថ្លៃ គាត់ក៏តម្លើងថ្លៃទំនិញរបស់គាត់ដែរ ដើម្បីឱ្យសមភាពគ្នា ដូច្នេះវាក្លាយទៅជាបាតុភាពតគ្នា មានផលប៉ះពាល់បន្តគ្នា និងជះឥទ្ធិពលដល់សង្គមទាំងមូលប្រៀបដូចជាគេលេងល្បែង ដូមីណូតម្រៀបគ្នាយ៉ាងដូច្នោះ ពេលយើងប៉ះឱ្យដួលរលំ វារលំបន្តគ្នា ពីដើមទីរហូតដល់ចុងទីដូច្នេះដែរ វានឹងក្លាយជាហានីភ័យដល់ស្ថានភាពសង្គម។

លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ថា ៖«ទាក់ទងជាមួយចរន្តសេដ្ឋកិច្ចនេះ ក្នុងរយៈពេលខ្លី រដ្ឋាភិបាលបានប្រកាសផ្តល់ព័ត៌មានបន្តបន្ទាប់ ដូច្នេះជនមួយចំនួនដែលមានបំណង ឬចង់ឆ្លៀតឱកាសតម្លើងថ្លៃទំនិញនៅលើទីផ្សារមិនទាន់ឃើញកើតមានទេ។ ព្រោះថាយើងសម្លឹងមើលទិដ្ឋភាពរួមនៃសកម្មភាពសេដ្ឋកិច្ច ដែលបានមានការកើតមានមកលើប្រទេសយើង ដោយយើងទើបងើបពី ព្រឹត្តិការណ៍ 3វិច្ឆិកា (14 ថ្ងៃ) រដ្ឋាភិបាលបានបិទចរន្តសេដ្ឋកិច្ចខ្លះ ធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចដំណើរការមិនសូវរលូនល្អ»។

លោកបញ្ជាក់ថា ៖« បញ្ហាដែលកើតមាននឹងមិនរីករាលដាលធំទៀតទេ ហើយយើងអាចគ្រប់គ្រងបានផងដែរ ពេលនេះខ្ញុំជឿជាក់ថាមិនមានអាជីវករ ឬពលរដ្ឋណាឆ្លៀតពេលហ្នឹងដំឡើងថ្លៃទំនិញ ឬលក់ផលិតផលឱ្យលើសតម្លៃទីផ្សារនោះទេ ពួកគាត់សុទ្ធតែចង់ឱ្យតែស្ថានភាពវិលទៅរកភាពប្រក្រតីឡើងវិញ ដើម្បីលក់ទំនិញផលិតផលរបស់គាត់ឱ្យដាច់ទៅវិញទេ»៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner