Tesla ក្លាយជាក្រុមហ៊ុនផលិតរថយន្តមានតម្លៃខ្ពស់បំផុតនៅលើទីផ្សារ និង អាចប្រជែងជាមួយ Toyota Motor Volkswagen និង General Motors
អាមេរិក៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ទទួលបានកំណត់ត្រាខ្ពស់នៅថ្ងៃចន្ទនេះ ដែលជម្រុញឱ្យក្រុមហ៊ុនមួយនេះ មានតម្លៃកើនឡើងដល់៦០០ពាន់លានដុល្លារ និង ក្លាយជាក្រុមហ៊ុនផលិតរថយន្តមានតម្លៃខ្ពស់បំផុតនៅលើទីផ្សារ និងអាចប្រជែងជាមួយក្រុមហ៊ុន Toyota Motor, Volkswagen និង General Motors នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ។
ជាមួយគ្នានេះ ក្រុមហ៊ុន Tesla ក៏បានប្រកាសឱ្យដឹងដែរថា ខ្លួននឹងប្រមូលដើមទុនបន្ថែមទៀតចំនួន៥ពាន់លានដុល្លារ នៅក្នុងដំណាក់កាលទី២ នៃការលក់ហ៊ុន ក្នុងរយៈពេល៣ខែ ខណៈតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះកើនឡើងខ្ពស់ ។ ដើមទុនថ្មីគឺមានការចូលរួមពីធនាគារធំៗចំនួន១០ មានដូចជា Goldman Sachs, Citigroup Global Markets និង Morgan Stanley ។
បើតាមប្រភពពី Bloomberg Billionaires Index នោះ ការកើនឡើងនៃតម្លៃភាគហ៊ុនរបស់ Tesla ក្នុងឆ្នាំ២០២០នេះ អាចនឹងធ្វើអោយទ្រព្យសម្បត្តិរបស់នាយកប្រតិបត្តិ Tesla លោក Elon Musk កើនឡើងពី២៧ពាន់លានដុល្លារដល់១៥៥ពាន់លានដុល្លារ នាំអោយលោកទំនងជាក្លាយជាកំពូលមហាសេដ្ឋីនៅលើពិភពលោកលំដាប់ទី២ ៕


