ការធ្វើតេស្តលើកទី២ របស់ថ្នាក់ដឹកនាំរដ្ឋសភា​ជាតិ​និង តំណាងរាស្ត្រ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់​មិនមានផ្ទុកកូវីដ-១៩ទេ

ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានឱ្យដឹងថា ការធ្វើតេស្តលើកទី២ លើថ្នាក់ដឹកនាំរដ្ឋសភា តំណាងរាស្ត្រ និងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដើម្បីរកជំងឺកូវីដ- ១៩ កាលពីម្សិល
មិញបង្ហាញថា អវិជ្ជមានទាំងអស់។ ថ្លែងបញ្ជាក់ប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែធ្នូ អ្នកនាំពាក្យរដ្ឋសភារូបនេះ បានបញ្ជាក់ថា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, ឯកឧត្តម ងួន ញិល អនុប្រធានទី១រដ្ឋសភា, លោកជំទាវ ឃួន សុដារី អនុប្រធានទី២រដ្ឋសភា, អ្នកតំណាងរាស្ត្រ ក្នុងនោះមានទាំងឧបនាយករដ្ឋមន្រ្តីចំនួន២រូបផងដែរ គឺសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងសម្តេចចៅហ្វាវាំង គង់ សំអុល ព្រមទាំងមន្រ្តីរដ្ឋសភា និងក្រុមគ្រួសារ ទាំងអ្នកពាក់ព័ន្ធផ្សេងទៀតដូចជាអង្គរក្ស គឺលទ្ធផលអវិជ្ជមានទាំងអស់។

សូមបញ្ជាក់ថា ការធ្វើតេស្តរកមេរោគកូវីដ-១៩ ទៅលើថ្នាក់ដឹកនាំ តំណាងរាស្រ្ត និងមន្រ្តីរដ្ឋសភា ព្រមទាំងក្រុមគ្រួសារនេះ បានធ្វើឡើងបន្ទាប់ពីមានតំណាងរាស្រ្តម្នាក់ គឺ ឯកឧត្តម ឡូយ សុផាត បានប្រាស្រ័យទាក់ទងជាមួយឯកឧត្តម ឆែម សាវុធ ដែលត្រូវបានរកឃើញមានផ្ទុកមេរោគកូវីដ-១៩។ របាយការណរបស់ក្រសួងសុខាភិបាល បានបង្ហាញថា គិតត្រឹមព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ចំនួនវត្ថុសំណាកទទួលបានពីតាមបណ្តាខេត្ត និងរាជធានី សម្រាប់ការធ្វើតេស្តលើកទី២ ចំពោះព្រឹត្តិការណ៍
«សហគមន៍២៨វិច្ឆិកា»មានសរុបចំនួន៣,៤៦៧សំណាក ក្នុងនោះចំនួន៤នាក់ ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩ថ្មី។ ដោយឡែកនៅសល់វត្ថុសំណាកចំនួន៤,៩៩៤ សំណាកផ្សេងទៀត ត្រូវវិភាគបន្តនៅថ្ងៃទី៩ ខែធ្នូនេះ។
ចំនួនអ្នកមានជំងឺកូវីដ-១៩នៅកម្ពុជា បានកើនឡើងសរុប៣៥៤នាក់ ប៉ុន្តែក្នុងនោះបានព្យាបាលជាសះស្បើយ​ឡើងវិញចំនួន៣០៧នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យមានចំនួន
៤៧នាក់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner