ថៃបើកទ្វារទទួលទេសចរណ៍បរទេសជុំវិញពិភពលោក ដោយមិនខ្វល់ពីស្ថានភាព Covid-19 ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ
ថៃ៖ ដើម្បីស្តារវិស័យទេសចរណ៍ដែលលិចលង់ស្ទើរដល់ចំណុចសូន្យទៅហើយនោះ រដ្ឋាភិបាលថៃបានប្រកាសបើកទ្វារទទួលភ្ញៀវទេសចរបរទេសជុំវិញពិភពលោក ដោយមិនខ្វល់ពីស្ថានភាពជំងឺកូវិដ១៩នោះទេ តាមរយៈកម្មវិធីផ្តល់ទិដ្ឋិការស្នាក់នៅរយៈពេលវែង នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍នាពេលថ្មីៗ ។
ការប្រកាសនេះ ធ្វើឡើងក្រោយនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានអះអាងជាសាធារណៈថ្មីៗនេះថា ប្រទេសរបស់លោកមិនបានធ្លាក់ចូលក្នុងរលករាតត្បាតនៃជំងឺ Covid-19លើកទី២នោះទេ ។ បើតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Rachada Dhnadirek បានបញ្ជាក់ថា ភ្ញៀវទេសចរបរទេសទាំងអស់តម្រូវអោយធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ មុននឹងអនុញ្ញាតអោយដើរលេងដោយសេរី ។
តាមរយៈកម្មវិធីផ្តល់ទិដ្ឋិការរយៈពេលវែង ភ្ញៀវទេសចរទាំងអស់អាចស្នាក់នៅប្រទេសថៃចាប់ពី៣០ទៅ៦០ថ្ងៃ ។ ក្រៅពីបើកទ្វារផ្ទះទទួលទេសចរណ៍បរទេសនោះ ថៃនៅមានផែនការធំៗជាច្រើនទៀត ដើម្បីជួយស្តារឧស្សាហកម្មទេសចរណ៍របស់ខ្លួនអោយរស់ឡើងវិញ ៕

