ទីភ្នាក់ងារឱសថអឺរ៉ុប EMA បញ្ជាក់ថា ឯកសារវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech ត្រូវបានគេលួច
អឺរ៉ុប៖ ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ ភីហ្វីហ្សឺ-បាយអូអិនធិច នៅថ្ងៃពុធនេះបញ្ជាក់ថា ឯកសារពាក់ព័ន្ធនឹងការអភិវឌ្ឍវ៉ាក់សាំង Covid-19 របស់ពួកគេត្រូវបានចូលមើលដោយខុសច្បាប់ តាមរយៈការវាយប្រហារផ្នែកព័ត៌មានវិទ្យា នេះបើតាមសារព័ត៌មានរ៉យទ័រចុះផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ។
ជាមួយគ្នានេះ EMA ជាទីភ្នាក់ងារដែលអនុញ្ញាតអោយប្រើប្រាស់ថ្នាំនៅទូទាំងសហភាពអឺរ៉ុប បានបញ្ជាក់ថា ខ្លួនត្រូវរងគ្រោះដោយសារការវាយប្រហារតាមអ៊ីនធើណិត ហើយឯកសារដែលទាក់ទងនឹងវ៉ាក់សាំង Covid-19 ត្រូវបានគេលួច ។ ហើយបើតាមក្រុមហ៊ុន ភីហ្វីហ្សឺ-បាយអូអិនធិច នោះ ពាក្យស្នើសុំបទប្បញ្ញត្តិរបស់ខ្លួនត្រូវបានគេចូលមើលក្នុងអំឡុងការវាយប្រហារនេះ ។
ជុំវិញបញ្ហានេះដែរ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយនៅលើគេហទំព័ររបស់ខ្លួន ទីភ្នាក់ងារឱសថអឺរ៉ុប EMA មិនបានផ្តល់ព័ត៌មានលម្អិតអំពីលក្ខណៈ នៃការវាយប្រហារតាមអ៊ីនធើណិតនេះទេ ដោយគ្រាន់តែនិយាយថា ការស៊ើបអង្កេតពេញលេញកំពុងចាប់ផ្តើមឡើង ខណៈ EMA កំពុងធ្វើការលើការអនុម័តវ៉ាក់សាំង Covid-19 ចំនួនពីរ ដែលខ្លួនរំពឹងថា នឹងបញ្ចប់ក្នុងពេលប៉ុន្មានសប្តាហ៍ទៀត ៕


