អេមីរ៉ាត់អារ៉ាប់រួមចុះបញ្ជីវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនផលិតឱសថចិន Sinopharm បន្ទាប់ពីបង្ហាញប្រសិទ្ធភាព៨៦ភាគរយ
អេមីរ៉ាត់អារ៉ាប់រួម៖ អេមីរ៉ាត់អារ៉ាប់រួម នៅថ្ងៃពុធនេះ បានចុះបញ្ជីជាផ្លូវការនូវវ៉ាក់សាំងប្រឆាំង Covid-19 ដែលអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុនផលិតឱសថយក្សចិន Sinopharm និងនិយាយថា វាមានប្រសិទ្ធភាព៨៦ភាគរយ យោងតាមការវិភាគនៃការសាកល្បងដំណាក់កាលទី៣ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ WAM របស់អេមីរ៉ាត់អារ៉ាប់រួមនិយាយថា ក្រសួងសុខាភិបាលបានប្រកាសពីការចុះបញ្ជីជាផ្លូវការ នូវវ៉ាក់សាំងនេះដោយមិនបានបញ្ជាក់ពីរបៀបដែលវាត្រូវបានគេប្រើប្រាស់នោះទេ ។ ការប្រកាសនេះ គឺជាការបោះឆ្នោតដ៏គួរឲ្យទុកចិត្តមួយដោយអាជ្ញាធរសុខាភិបាលរបស់អារ៉ាប់រួម ក្នុងការធានាសុវត្ថិភាព និងប្រសិទ្ធភាពវ៉ាក់សាំងនេះ ។
សូមជម្រាបថា វ៉ាក់សាំងនេះ បានឆ្លងកាត់ការសាកល្បងដំណាក់កាលទីបីនៅក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួមចាប់តាំងពីខែកក្កដា ហើយវាត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ជាបន្ទាន់សម្រាប់បុគ្គលិកសុខាភិបាលក្នុងខែកញ្ញាកន្លងទៅ ។ យ៉ាងណាមិញ មន្ត្រីសុខាភិបាលក៏បានពិនិត្យឡើងវិញ នូវការវិភាគបណ្តោះអាសន្នរបស់ក្រុមហ៊ុន Sinopharm ចំពោះការសាកល្បងព្យាបាលដំណាក់កាលទី៣ ដែលបង្ហាញថា វាមានប្រសិទ្ធភាព៨៦ភាគរយប្រឆាំងនឹងវីរុសដ៏កាចសាហាវមួយនេះ ៕

