ដំណឹងល្អសម្រាប់បដិវត្តរថយន្តអគ្គិសនី!បច្ចេកវិទ្យាថ្មីមួយប្រើពេលត្រឹមពាក់កណ្តាលនៃ Telsa ដើម្បីសាកថ្មរថយន្ត
បរទេស៖នៅសប្តាហ៍នេះប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាថ្មីដែលមានឈ្មោះថា QuantumScape លោក Jagdeep Singh បានប្រកាសថាក្រុមហ៊ុនរបស់លោកទើបតែបានធ្វើការងារស្រាវជ្រាវ និងអភិវឌ្ឍបានជោគជ័យនូវថ្មរថយន្តដែលមានកម្លាំងខ្លាំង និងប្រសិទ្ធភាពជាងអ្វីដែល Telsa និងក្រុមហ៊ុនរថយន្តអគ្គិសនីផ្សេងទៀតកំពុងមាន។
លោកបានបញ្ជាក់ទៀតថាថ្មរថយន្តបច្ចេកវិទ្យាថ្មីនេះមានសមត្ថភាពសាកបានដល់ទៅ 80 ភាគរយដោយប្រើពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ ហើយជាពិសេសទោះបីជាក្នុងស្ថានភាពដែលអាកាសធាតុត្រជាក់ក្តីក៏សមត្ថភាពសាកថ្មរបស់វាគឺនៅរក្សាកម្រិតដដែលដែរ។ លោក Singh បានទាំងអះអាងទៀតថាបច្ចេកវិទ្យាថ្មីនេះនឹងអាចប្រកួតប្រជែងជាមួយនឹង Telsa បានយ៉ាងងាយប្រសិនលក្ខខណ្ឌផលិតមានកម្រិតដូចគ្នានោះ។
QuantumScape ក្រុមហ៊ុនបច្ចេកវិទ្យាថ្មីនេះត្រូវបានទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទីផ្សារផលិតរថយន្តអគ្គិសនី ហើយមានការលើកឡើងថាវានឹងក្លាយទៅជាដៃគូប្រជែងជាមួយនឹង Tesla នាពេលខាងមុខជាមិនខានខណៈដែលបច្ចុប្បន្នខ្លួនទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុនមេដូចជា Microsoft និង Volkswagen ផងនោះហើយបច្ចេកវិទ្យាសាកថ្មរបស់ខ្លួននេះគឺប្រើពេលត្រឹមតែពាក់កណ្តាលប៉ុណ្ណោះនៃបច្ចេកវិទ្យាសាកថ្មល្បឿនលឿនចុងក្រោយបំផុតរបស់ Tesla។
គួរឲ្យដឹងដែរថា QuantumScape បានដាក់លក់លើទីផ្សារហ៊ុនជាផ្លូវការកាលពីដើមឆ្នាំដោយទទួលបានទុនវិនិយោគសរុប 700 លានដុល្លារហើយចាប់តាំងតែពីថ្ងៃទី 27 ខែវិច្ឆិកាមក
ហ៊ុនរបស់វាបានកើនឡើងដល់ទៅ 2 ដង ហើយក្រោយការប្រកាសដំណឹងថ្មីនេះវាបានកើនឡើងបន្ថែម 52 ភាគរយទៀតផងដែរ៕