ព្រះមហាក្សត្រ និងសម្ដេចម៉ែ ប្រទានព្រះរាជសារពរជ័យក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ធ្នូ ឆ្នាំ២០២០។

ក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រ មានខ្លឹមសារថា « ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០នេះ ខ្ញុំមានហឫទ័យរីករាយយ៉ាងក្រៃលែង សូមអបអរសាទរ និងកោតសរសើរដ៏កក់ក្តៅជាទីបំផុតជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាអ្នកស្នេហាជាតិដ៏ឧត្តុង្គឧត្តម បានខិតខំបំពេញភារកិច្ចមនុស្សធម៌ជូនប្រជាជាតិ និងប្រជារាស្ត្រដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ជាពិសេស ក្នុងខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសេចក្តីសប្បុរស បានចាត់មន្ត្រីនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជារាស្ត្រដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ និងនៅតាមខេត្តមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមជូនពរបវរមហាប្រសើរជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើប្រជាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

រីឯ ព្រះរាជសាររបស់ សម្តេចម៉ែ មានខ្លឹមសារថា៖ ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០នេះ ខ្ញុំមានសេចក្តីរីករាយឥតឧបមា សូមចូលរួមអបអរសាទរជាមួយប្រជាជាតិ និងប្រជារាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងសូមសម្តែងនូវការកោតសរសើរដ៏កក់ក្តៅជាទីបំផុត ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាអ្នកស្នេហាជាតិដ៏ឧត្តុង្គឧត្តម បានបរិច្ចាគអស់ពីកម្លាំងកាយ-ចិត្ត និងធនធានផ្ទាល់ខ្លួនចូលរួមក្នុងសកម្មភាព កសាងជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។

កិត្តិនាមរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបានការកោតសរសើរ និងអំណរសាទរ ទាំងនៅលើឆាកជាតិ និងអន្តរជាតិ តាមរយៈ កាយវិការប្រកបដោយមនុស្សធម៌ សប្បុរសធម៌ដ៏ឧត្តុង្គឧត្តម ក្នុងការបម្រើប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា ក្នុងស្មារតីស្នេហាជាតិ មាតុភូមិ និងប្រជារាស្ត្រ។

នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមប្រសិទ្ធពរមហាបវរសួស្តី សិរីមង្គលគ្រប់ប្រការជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបានមហាជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner