ឥណ្ឌូនេស៊ីក្លាយជាគោលដៅសម្រាប់មហាសេដ្ឋី Elon Musk តាំងរោងចក្រសម្រាប់ Telsa និងទីតាំងបង្ហោះផ្កាយរណបឲ្យ SpaceX

បរទេស៖ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះបានសរសេរថា ប្រទេសឥណ្ឌូនេស៊ីកំពុងតែរំកិលខ្លួនទៅមុខបន្តិចហើយ
ជាមួយនឹងបច្ចេកវិទ្យាស្រាវជ្រាវទីអវកាសក្នុងពេលដែលខ្លួនកំពុងតែព្យាយាមបញ្ចុះបញ្ចូលក្រុមហ៊ុនយក្ស SpaceX
របស់លោក Elon Musk ដើម្បីឲ្យសម្រេចចិត្តកសាងទីតាំងបាញ់ផ្កាយរណបមួយនៅក្នុងប្រទេសរបស់ខ្លួន។

កន្លងមកគេដឹងដែរមកហើយថា ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានពិភាក្សាគ្នារួចមកហើយជាមួយនឹងក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់លោក Elon Musk ក្នុងការពិនិត្យមើលទៅលើលទ្ធភាពនៃការសហការគ្នាលើកិច្ចការងារផលិតថ្មរថយន្តអគ្គិសនីសម្រាប់ Tesla។

ជាលទ្ធផលគួរឲ្យរីករាយសម្រាប់ប្រទេសឥណ្ឌូនេស៊ី ពោលគឺកាលពីខែមករាកន្លងមកក្រុមហ៊ុនយក្ស Telsa បានបញ្ចូនក្រុមការងាររបស់ខ្លួនមួយមកដល់ទីនេះដើម្បីពិនិត្យមើលលទ្ធភាពវិនិយោគដែលអាចធ្វើទៅរួចជាមួយគ្នាហើយក្នុងនោះគេបានដឹងថាមានជម្រើសតែមួយប៉ុណ្ណោះដើម្បីសាងសង់រោងចក្ររបស់ខ្លួននៅឥណ្ឌូនេស៊ីនោះគឺនៅត្រង់ចំណុចកណ្តាលនៃកោះជ្វាតែម្តង។

ប្រភពដដែលបានសរសេរទៀតថា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងវិនិយោគជាមួយគ្នានេះផងដែរ លោកប្រធានាធិបតីឥណ្ឌូនេស៊ីដោយផ្ទាល់បានធ្វើលិខិតអញ្ជើញមួយដើម្បីឲ្យមហាសេដ្ឋី Elon Musk ក្នុងការពិនិត្យមើលទីតាំងមួយផ្សេងទៀតដែលអាចក្លាយទៅជាទីតាំងសម្រាប់បាញ់បង្ហោះផ្កាយរណបឲ្យក្រុមហ៊ុន SpaceXផង។

វិទ្យាស្ថានជាតិស្រាវជ្រាវទីអវកាសរបស់ឥណ្ឌូនេស៊ីឬ LAPAN បាននិយាយថារដ្ឋាភិបាលបានរៀបចំផែនការសាងសងទីតាំងបាញ់បង្ហោះយានអវកាសនិងផ្កាយរណបមួយរួចទៅហើយនៅក្នុងតំបន់ Biak លើកោះ Papua ប៉ុន្តែបញ្ហាសំខាន់គឺនៅខ្វះតែអ្នកវិនិយោគបរទេសប៉ុណ្ណោះហើយជឿជាក់ថា SpaceX គឺជាក្រុមហ៊ុនដៃគូមួយដែលនឹងអាចធ្វើការងារនេះរួមគ្នាបាន៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner