អ៊ីនធឺណេត-អនឡាញ ជាមធ្យោបាយរៀនបែបថ្មីរបស់សិស្ស-និស្សិតក្នុងសម័យកូវីដ-19

អត្ថបទដោយ៖
AMS

(ភ្នំពេញ)៖ ខណៈជំងឺផ្លូវដង្ហើមកូវីដ-19 កំពុងរីករាលដាលនៅក្នុងសហគមន៍ សាលារៀនស្ទើរតែទាំងអស់នៅប្រទេសកម្ពុជា បានជ្រើ​ស​​រើសយកមធ្យោបាយសិក្សាពីចម្ងាយតាមប្រព័ន្ធអ៊ីនធឺណេត ឬរៀន​តាមអនឡាញ ជំនួសឱ្យការរៀនផ្ទាល់ក្នុងថ្នាក់។ មធ្យោ​បាយ​សិក្សារបៀបថ្មី​នេះ ជាជំនួយដ៏សំខាន់ដែលសិស្សានុសិស្សកំពុងអនុវត្តន៍។

កញ្ញា អាត វួចណេង ជានិស្សិតឆ្នាំទី2 នៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បាននិយាយថា ការសិក្សាតាមអនឡាញមានភាពងាយស្រួល លឿនរហ័ស និងចំណេញថវិកា។

តាមរយៈ​បទពិសោធន៍សិក្សារបស់ខ្លួន វួចណេង យល់ថា សិស្សានុសិស្សជួបការលំបាកច្រើន ប្រសិនបើរៀននៅក្នុងសាលា។ “រៀនតាមប្រព័ន្ធអ៊ីនធឺណេត សិស្សមិនបាច់ចំណាយពេលច្រើន មិនចាំបាច់ចំណាយលុយសម្រា​ប់​ការធ្វើដំណើរទៅមក ហើយមិន​ចំណាយពេល​រៀប​ចំ​ខ្លួន ឬស្លៀកពាក់ឯកសណ្ឋានទេ​ ព្រោះរៀននៅផ្ទះដោយផ្ទាល់តែម្ដង”។

និស្សិតសិក្សាជំនាញហិរញ្ញវត្ថុ និងគណនេយ្យ រូបនេះ បានបន្តរៀបរាប់ទៀតថា តាមរយៈការរៀនតាមប្រព័ន្ធអនឡាញ សិស្សអាចបង្កើនចំណេះដឹង និងជំនាញសិក្សាថ្មីៗបន្ថែម ដើម្បីពង្រឹងសមត្ថភាពនិងប្រសិទ្ធិភាពសិក្សា។

កញ្ញា អាត វួចណេង ៖ “ពួកគេចាប់ផ្ដើមយល់ដឹង និងបន្សាំខ្លួនជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាបានយ៉ាងមានប្រសិទ្ធិភាពដូចជា ការប្រើប្រាស់កម្មវិធី និងគេហទំព័រផ្សេងៗ ជាដើម។ ម្យ៉ាងវិញទៀតសិស្សានុសិស្សអាចស្រាវជ្រាវមេរៀនដោយខ្លួនឯងបានកាន់តែច្រើន ដោយមិនពឹងពាក់ទាំងស្រុងលើការបង្រៀនរបស់លោកគ្រូអ្នកគ្រូ”។

ទាក់ទងនឹងការប្រើប្រាស់មធ្យោបាយសិក្សាតាមអនឡាញនេះ យុវជន ម៉េងឈាង សិស្សថ្នាក់ទី12 នៃវិទ្យាល័យបាក់ទូក ក៏បានឲ្យដឹងដែរថា សិក្សាតាមអនឡាញផ្តល់ប្រយោជន៍យ៉ាងច្រើនដល់រូបគេ ជាពិសេសសុវត្ថិភាពផ្នែកសុខភាពនៅក្នុងដំណាក់កាលជំងឺកូវីដ-19 ការរីករាលដាលជាសកលនេះ។

ម៉េងឈាង បានបញ្ជាក់ថា ៖ “បច្ចុប្បន្នប្រទេសយើងកំពុងស្ថិតនៅក្នុងបរិបទកូវីដ-19 ដូច្នេះការសិក្សាគឺនៅផ្ទះ។ ខ្ញុំប្រាកដក្នុងចិត្តថា យើងមិនឆ្លងជំងឺពីអ្នកដទៃ ហើយអ្នកដទៃក៏មិនចម្លង​មេរោគខ្ញុំវិញ”។ សិស្សថ្នាក់ទី12 រូបនេះបានបន្ថែមទៀតថា រៀនតាមអនឡាញនៅផ្ទះ ជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ព្រមទាំងកាត់បន្ថយការបំពុលបរិយាកាសដែលកើតពីផ្សែងឡាន-ម៉ូតូ។

ជាការកត់សម្គាល់ ខណៈកម្ពុជាកំពុងប្រឈមមុខនឹងការរាតត្បាតនៃជំងឺកូវីដ-19 លោកគ្រូអ្នកគ្រូ​និងសិស្សានុសិស្ស បានជ្រើសរើសមធ្យោបាយរៀននិងបង្រៀនតាមប្រព័ន្ធអនឡាញជាដំណោះស្រាយ។ មធ្យោបាយសិក្សាថ្មីនេះ បាន​កាត់បន្ថយការជួបជុំ​ដោយផ្ទាល់ រក្សាសុវត្ថិភាពសុខភាព និងគោរពតាមវិធានការណ៍របស់ក្រសួងសុខាភិបាល។

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ក្នុងវេទិកាអប់រំតាម​ប្រព័ន្ធ​អេឡិចត្រូនិក លើកទីមួយនៅកម្ពុជា កាលពីថ្ងៃទី 03 ខែធ្នូ ឆ្នាំ​2020 ថា ការសិក្សាតាមប្រព័ន្ធអនឡាញជាចំណែកសំខាន់ក្នុងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ ​

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា បានបញ្ជាក់ថា ៖ ”ការរៀនតាមប្រព័ន្ធអនឡាញ មិនមែនជាឧបសគ្គតាមរយៈកង្វះខាតឧបករណ៍ ឬក៏កង្វះខាតប្រព័ន្ធអ៊ីនធឺណេតទៀតទេ ប៉ុន្តែវាជាការសម្រេចចិត្តរបស់ប្អូនៗនីមួយៗ។ ខ្ញុំសូមលើកទឹកចិត្តកុំឲ្យប្អូនៗទាំងអស់មើលឃើញការរៀនអនឡាញនេះជាឧបសគ្គតទៅទៀត។ សូមប្អូនៗចាប់យកឱកាសនេះ ហើយប្រើប្រាស់វាជាជម្រើសសម្រាប់ផ្លូវដើរទៅថ្ងៃអនាគតវិញ។ ការអប់រំបែបឌីជីថលពុំមែនជាជំរើសទៀតទេ ប៉ុន្តែជាផ្លូវដើរទៅថ្ងៃអនាគត ដូច្នេះហើយយើងត្រូវសម្របខ្លួនជាមួយបរិបទថ្មីនៃការអបរំនេះ”។

សូមជម្រាបថា កន្លងទៅក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតកម្មវិធីរៀន និងបង្រៀនតាមបែបឌីជីថល​ដល់សិក្សានុសិស្ស និងបុគ្គលិកសិក្សា នៅក្នុងបរិបទនៃការរីករាលដាលជាសកលជំងឺផ្លូវដង្ហើមកូវីដ-19។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអបរំ យុវជន និងកីឡា ក៏ធ្លាប់បានលើកឡើងដែរថា ការរៀនតាមបែបឌីជីថលនៅកម្ពុជាបច្ចុប្បន្ន ដើរលឿនទៅមុខដប់ឆ្នាំ លើសពីការរំពឹងទុកក្រសួង៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner