ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេស ជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពវិវត្តន៍ជំងឺកូវីដ១៩ នៅព្រឹកស្អែកនេះ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេស ផ្សាយផ្ទាល់នៅវេលាម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះ ពាក់ព័ន្ធនឹងស្ថានភាពវិវត្តន៍នៃជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មានប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា ការផ្សាយផ្ទាល់នេះធ្វើឡើងចេញពីគេហដ្ឋានរបស់សម្តេចតេជោ ដោយផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា និងផ្សាយបន្តផ្ទាល់ទៅកាន់បណ្តាញផ្សព្វផ្សាយទាំងអស់នៅកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងលើកឡើងពីស្ថានភាពជំងឺកូវីដ១៩ ជាពិសេស «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» និងការងារទិញវ៉ាក់សាំង ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៣៥៩នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយមានចំនួន ៣០៩នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥០នាក់។

ពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» ក្រសួងសុខាភិបាល រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤០នាក់។ ជាការកត់សម្គាល់ ក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ មិនមានអ្នកវិជ្ជមានថ្មីឡើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner