សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មតួកគី ពាក់ព័ន្ធនឹងការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់រុស្ស៊ី
អាមេរិក៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ បានដាក់ទណ្ឌកម្មលើតួកគី ពាក់ព័ន្ធនឹងការទិញយកប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី S-400 ដែលប្រការនេះ នឹងធ្វើអោយភាពតានតឹងដល់ទំនាក់ទំនងរវាងប្រទេសសម្ព័ន្ធមិត្តអង្គការ ណាតូទាំងពីរ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ។
ការដាក់ទណ្ឌកម្មនេះ គឺផ្តោតលើប្រធានឧស្សាហកម្មការពារជាតិផ្នែកផ្គត់ផ្គង់ និងអភិវឌ្ឍខឿនការពារជាតិកំពូលរបស់តួកគី លោក អ៊ីស្មាអ៊ីល ដេមៀរ និងបុគ្គលិកបីនាក់ផ្សេងទៀត ។ ហើយវិធានការដែលទទួលបានការស្វាគមន៍ពីគណបក្សទាំងពីរក្នុងសភាអាមេរិកនេះដែរ ត្រូវបានប្រកាសនៅក្រោមច្បាប់ប្រឆាំងសត្រូវរបស់សហរដ្ឋអាមេរិក តាមរយៈច្បាប់ដាក់ទណ្ឌកម្ម ដែលជាសកម្មភាពដំបូងត្រូវបានប្រើប្រឆាំងនឹងសមាជិកនៃសម្ព័ន្ធមិត្តអង្គការណាតូ ។
ជាការឆ្លើយតប តួកគីបានថ្កោលទោសការដាក់ទណ្ឌកម្មនេះថា ជាកំហុសដ៏ធ្ងន់ធ្ងរ ហើយបានជំរុញឱ្យរដ្ឋាភិបាលអាមេរិកកែប្រែសេចក្តីសម្រេចចិត្តអយុត្តិធម៌របស់ខ្លួន ។ បើតាមសេចក្តីថ្លែងការណ៍មួយរបស់តួកគី ការដាក់ទណ្ឌកម្មនេះ នឹងបង្កអន្តរាយដល់ទំនាក់ទំនងទៅវិញទៅមកដោយជៀសមិនរួច និង គំរាមចាត់វិធានការសងសឹក ៕