កញ្ឆាខុសច្បាប់ជិត ១ពាន់៥០០ដើម ត្រូវបានដុតកម្ទេចចោល
ខេត្តពោធិ៍សាត់៖ អភិបាលរងខេត្តពោធិ៍សាត់ លោក អ៊ឹង គឹមលាង នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ដោយអនុវត្តន៍តាមគោលការណ៍ ព្រះរាជអជ្ញា ខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងអធិការស្រុកវាលវែង និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដុតកម្ទេចទីតាំងដាំកញ្ឆាខុសច្បាប់មួយកន្លែង នៅឃ្លាំងជី ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ទីតាំងដាំកញ្ឆានោះ មានផ្ទៃដី១ពាន់៣៦ម៉ែត្រការ៉េ ដែលមានកញ្ឆាចំនួន១ពាន់៤២៦ដើម ត្រូវបានសមត្ថកិច្ចដក និងដុតកម្ទេចចោល។ យោងតាមសមត្ថកិច្ចនគរបាលស្រុកវាលវែង បានឲ្យដឹងថា ក្នុងការចុះបង្ក្រាបនោះ អ្នកដាំដុះកញ្ឆាននោះបានគេចខ្លួនបាត់ មុនពេលសមត្ថកិច្ចទៅដល់។ ប៉ុន្តែសមត្ថកិច្ចបានរកឃើញវត្ថុតាងបន្សល់ទុក មានជញ្ជីង១គ្រឿង, ជីអ៊ុយរ៉េ៣គីឡូក្រាម និងអាវមួយ បន្សល់ទុកនៅទីតាំងដាំកញ្ឆានោះ។ សមត្ថកិច្ចនឹងបន្តស្វែងរកមុខសញ្ញាជនសង្ស័យ ដើម្បីចាត់ការតាម នីតិវិធីច្បាប់ ៕កឹម ទៀង