សិស្សថ្នាក់ទី12ឆ្នាំនេះ សាទរនឹងការសម្រេចចិត្តរបស់សម្ដេចនាយករដ្ឋមន្ត្រី “ឆ្នាំ 2020 មិនប្រឡងបាក់ឌុប”

អត្ថបទដោយ៖
AMS

(ភ្នំពេញ)៖ បន្ទាប់ពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅព្រឹកថ្ងៃអង្គារ៍នេះថា ឆ្នាំសិក្សា 2019 – 2020 “សិស្សថ្នាក់ទី 12 ទាំងអស់ជាប់ដោយស្វ័យប្រវត្តិ មិនមានការប្រឡងថ្នាក់បាក់ឌុប” សិស្សានុសិស្សមួយចំនួន បានសម្ដែងសេចក្ដីរីករាយ និងគាំទ្រការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី។

សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកការសម្រេចចិត្តនេះ ជាការចូលរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-19 នៅក្នុងសហគមន៍។

យុវសិស្ស ជា​ ដូរ៉ា ដែលជាសិស្សថ្នាក់ទី12 នៃវិទ្យាល័យបាក់ទូក បានបង្ហាញពីចំណាប់អារម្មណ៍គាំទ្រពីការគិតគូរដល់សុខភាព និងសុវត្ថិភាពរបស់សិស្សដែលត្រូវចូលរួមការប្រឡង។ ដូរ៉ាបានលើកឡើងថា ការសម្រេចចិត្តមិនប្រឡងបាក់ឌុបនេះ អាចជួយយើងគ្រប់គ្នាបង្ការការរីករាលដាលករណីជំងឺកូវីដ-19 ដែលអាចកើតមានថ្មីៗ នៅក្នុងសហគមន៍។

“ចំណេះដឹងសំខាន់ តែសុខភាពមានតម្លៃជាងចំណេះដឹងទៅទៀត” នេះជាការបញ្ជាក់របស់ដូរ៉ា។

យុវតី ជូ ភុយម៉ីលី សិស្សថ្នាក់ទី 12 នៃសាលារៀនជំនាន់ថ្មី (វិទ្យាល័យព្រះស៊ីសុវត្ថិ) ក៏បានលើកឡើងដែរថា ការសម្រេចចិត្តរបស់សម្តេចធ្វើឱ្យអារម្មណ៍តានតឹងរបស់សិស្សបានធូរស្បើយ ពិសេសសិស្សានុសិស្សនៅតាមបណ្តាខេត្ត។

ជូ ភុយម៉ីលី ៖ “ខ្ញុំគិតថាបាក់ឌុបប្រឡងជារឿងសំខាន់ ប៉ុន្តែជោគជ័យសម្រាប់ជីវិតយើងនៅមានរឿងជាច្រើនទៀត ដែលយើងត្រូវធ្វើ ដូច្នេះលទ្ធផលជោគជ័យប្រឡងបាក់ឌុបវាមិនចាំបាច់ដែលយើងត្រូវតែគិតនោះទេ។ យើងត្រូវតែខំប្រឹងរៀនបន្តទៀត ខំប្រឹងរៀននៅសាកលវិទ្យាល័យ…។

ជាមិត្តរួមថ្នាក់របស់មីលី និងកំពុងត្រៀមខ្លួនប្រឡងបាក់ឌុបស្រាប់ យុវសិស្ស យ៉ុន សុភា យល់ថាការសម្រេចចិត្តរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះ ជាការថ្លឹងថ្លែងហេតុផលសមរម្យ ដោយយោងទៅលើស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-19 និងគិតទៅដល់សុខមាលភាពសិស្សានុសិស្ស។

សុភា បានបន្តថា រូបគេអាចទទួលយកបានប្រសិនបើក្រសួងអប់រំ យុវជន និងកីឡា ប្រើប្រាស់ពិន្ទុប្រឡងឆមាសដើម្បីដាក់លទ្ធផលឬចំណាត់ថ្នាក់និទ្ទេសដល់សិស្សានុសិស្ស។

ចំណែកឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ប្រាប់ AMS Education ថា ក្រសួងអប់រំ យុវជន និងកីឡា គោរពទទួលអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងកំពុងពិភាក្សាអំពីនីតិវិធីផ្សេងៗ។

សូមរំលឹកដែរថា ដោយសារតែបញ្ហាការរាតត្បាតជំងឺផ្លូវដង្ហើមកូវីដ-19 ការប្រឡងបាក់ឌុបដែលបានកំណត់តាំងពីដើមឆ្នាំ ក៏ត្រូវបានលើកថ្ងៃប្រឡងជាបន្តបន្ទាប់ម្ដងជាពីរដង។ ថ្ងៃប្រឡងបាក់ឌុប ដែលសម្រេចចុងក្រោយដោយក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានជ្រើសយកថ្ងៃទី11 ខែមករា ឆ្នាំ2021។

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner