កសិដ្ឋានចិញ្ចឹមចៀមមួយកន្លែងនៅក្នុងស្រុកព្រៃនប់ កំពុងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្រោមការថែទាំពីក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យ


ក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យបានបើកកសិដ្ឋានចិញ្ចឹមចៀមមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិអូត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបច្ចុប្បន្ននេះកំពុងដំណើរការចិញ្ចឹមចៀម ពូជយកសាច់ ចំនួន ៦១៥មេពូជ មេបណ្ដើរកូន ១៥០ក្បាលនិងកូនតូច ចំនួន ២១៩ក្បាល ដែលទើបនឹងចាប់ផ្ដើមចិញ្ចឹមបានចំនួន ៦ ខែ ហើយជាលទ្ធផលទទួលបានសរុប ចៀម កើនឡើងរហូតទៅដល់ជាង ៩០០ ក្បាលហើយ។

កញ្ញា ព្រំ ផល្លី ប្រធានផ្នែកទីផ្សារ នៃក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យបានឲ្យដឹងថា បច្ចុប្បន្នក្រុមនិស្សិតមកពីបណ្ដាលរាជធានីខេត្ត រួមជាមួយ ខេត្តបន្ទាយមានជ័យបានសហការគ្នាបង្កើតកសិដ្ឋានចិញ្ចឹមចៀម នៅក្នុងស្រុកព្រៃនប់នេះឡើង ដោយមានការជួយជ្រោមជ្រែងពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ បានផ្ដល់ទីតាំងកសិដ្ឋាននេះ ដល់ក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យ ដើម្បីបង្កើន ប្រាក់ចំណូលនៅក្នុងសហគមន៍របស់ខ្លួន ដែលក្នុងនោះមានផ្ទៃដីចំនួន ២ ហិកតាសម្រាប់ធ្វើរោង និងផ្ទៃដីសម្រាប់ឲ្យចៀមដើរ ស៊ីស្មៅតាមធម្មជាតិលើផ្ទៃដី ជាង ៣៤ ហិកតា។

កញ្ញាក៏បានបញ្ជាក់ផងដែរថា ការចិញ្ចឹម ចៀម របស់ក្រុមយុវនិស្សិតនៅក្នុងខេត្តព្រះសីហនុនាពេលបច្ចុប្បន្ននេះ ក្នុងគោល បំណងបង្កើតឲ្យទៅជាការចិញ្ចឹម ជាលក្ខណៈ កសិទេសចរណ៍ ព្រោះក្រុមយុវនិស្សិតបាននិងកំពុងចិញ្ចឹម ដូចជា ចៀម សត្វអូទ្រីស ដើម្បីចង់បង្ហាញទៅដល់បងប្អូនប្រជាពលរដ្ឋបានស្គាល់ ហើយមិនបាច់ចំណាយ ថវិកាច្រើន ទៅមើលការចិញ្ចឹមសត្វប្រភេទនេះនៅឯបរទេសឡើយ ព្រោះស្រុកខ្មែរយើង ក៏អាចចិញ្ចឹមបានដែរ ម្យ៉ាងវិញទៀតខណៈពេលនេះ ជំងឺកូវីដ- ១៩កំ ពុងរាតត្បាតជាសកលផងនោះ។កញ្ញា ព្រំ ផល្លី ក៏បានលើកឡើងផងដែរថានាពេលបច្ចុប្បន្ននេះ ក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យបាននឹងកំពុង បង្កាត់ពូជ ចៀមខ្មែរនិងបរទេស ហើយតម្លៃវិញគឺទៅតាមប្រភេទពូជនីមួយៗ ប៉ុន្តែតែបច្ចុប្បន្នគឺបង្កាត់ពូជ យកសាច់ និងយកកូនលក់តែប៉ុណ្ណោះ ហើយជំហ៊ាន បន្ទាប់ក្រុមយុវនិស្សិតនឹងចិញ្ចឹមពូជចៀមយករោមបន្ថែមទៀតផងដែរ។

ដោយឡែក លោក ឃឹម សន អ្នកជំនាញចិញ្ចឹមចៀមបានលើកឡើងអំពីវិធីសាស្រ្តក្នុងការចិញ្ចឹមថា ការចិញ្ចឹមចៀម របស់ពួកគាត់នាពេលបច្ចុប្បន្នគឺមានភាពងាយស្រួល គ្រាន់តែយើងការពាររកចំណីឲ្យបានគ្រប់គ្រាន់ ការពារជំងឺដោយការចាក់វ៉ាក់សាំងឲ្យបានត្រឹមត្រូវ ទៀង ទាត់ និងមានបាគ្រប់គ្រាន់នោះចៀមអាចបង្កាត់ពូជបានលឿន ព្រោះក្នុងមួយឆ្នាំចៀមអាចកូនពីរដង ក្នុងនោះពេលខ្លះមានកូនភ្លោះផងដែរ ដូចនេះធ្វើឲ្យការបង្កាត់ពូជមានការកើនឡើងលឿន។ ចំពោះទីតាំងចិញ្ចឹមចៀមគឺត្រូវធ្វើឲ្យផុតពីដីក្នុងរវង្វ់មួយម៉ែត្រទៅពីរម៉ែត្រសម្រាប់ឲ្យចៀមដេកព្រោះធ្វើដូចនេះដើម្បីបញ្ចៀសអំពីជម្ងឺផ្សេងៗ។

លោកបានបន្ថែមទៀតថាទន្ទឹមនឹងភាពងាយស្រួលក៏ជួបបញ្ហាប្រឈមមួយចំនួនផងដែរដូចជាៈ
-ទី១ៈ នៅពេលដែលកូនចៀមកើតភ្លាម យើងត្រូវមើលឲ្យបានដិតដល់ព្រោះមេខ្លះមិនឱ្យកូនបៅ ដូចនេះយើងត្រូវយកកូនចៀមទៅឱ្យបៅទឹកដោះផ្សេង។
-ទី២ៈ នៅរដូវប្រាំងគឺមានការខ្វះខាតស្មៅ សម្រាប់ផ្គត់ ផ្គង់ចៀមប្រចាំថ្ងៃ។
-ទី៣ៈ យើងត្រូវចាក់វ៉ាក់សាំង ឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner