ចិនទទួលបានវ៉ាក់សាំង Covid-19 ចំនួន១០០លានដូសពីក្រុមហ៊ុនផលិតឱសថ BioNTech ដើម្បីបង្កើនការផ្គត់ផ្គង់ក្នុងប្រទេសរបស់ខ្លួន
ចិន៖ ក្រុមហ៊ុនផលិតឱសថមួយរបស់ចិនទទួលបានវ៉ាក់សាំង Covid-19 ចំនួន១០០លានដូសពីក្រុមហ៊ុនអាមេរិក Pfizer និងដៃគូសហការ BioNTech របស់អាល្លឺម៉ង់ ខណៈចិនស្វែងរកការចាក់វ៉ាក់សាំងនៅក្រៅប្រទេសបន្ថែមលើវ៉ាក់សាំងដែលផលិតក្នុងស្រុក ដើម្បីធានាការចាក់គ្រប់គ្រាន់ នេះបើតាមសារព័ត៌មាន Bloomberg នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ។
ក្រុមហ៊ុនឱសថ Shanghai Fosun ដែលកាលពីខែមីនា បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ដើម្បីអភិវឌ្ឍ និងដាក់លក់វ៉ាក់សាំង mRNA នៅក្នុងប្រទេសចិននោះ នឹងធ្វើការទូទាត់ប្រាក់ជាមុនចំនួន២៥០លានអឺរ៉ូ ឬស្មើនឹង៣០០លានដុល្លារអាមេរិក សម្រាប់វ៉ាក់សាំង៥០លានដូសដំបូង ។
បន្ថែមលើនេះ ក្រុមហ៊ុនផលិតវ៉ាក់សាំងអាល្លឺម៉ង់មួយនេះ ក៏នឹងផ្គត់ផ្គង់ប្រមាណជាង១០០លានដូស សម្រាប់ប្រទេសចិននៅឆ្នាំ២០២១ ។ ប៉ុន្តែការផ្គត់ផ្គង់វ៉ាក់សាំងរបស់ក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ដល់ប្រទេសចិន គឺមិនពាក់ព័ន្ធនឹងក្រុមហ៊ុនដៃគូ Pfizer ក្នុងកិច្ចព្រមព្រៀងនេះនោះទេ ៕