អង្គការ WHO នឹងបញ្ជូនក្រុមអ្នកវិទ្យាសាស្ត្រទៅទីក្រុងវូហាន របស់ប្រទេសចិននៅខែមករាឆ្នាំក្រោយនេះ ដើម្បីស្វែងរកប្រភពដើមនៃវីរុសកូរ៉ូណា
ស្វីស៖ អ្នកជំនាញអន្តរជាតិមួយក្រុម ដឹកនាំដោយអង្គការសុខភាពពិភពលោក WHO នឹងធ្វើដំណើរទៅកាន់ប្រទេសចិន នៅសប្ដាហ៍ទី១ នៃខែមករា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូរ៉ូណា ដែលបង្កទៅជាជំងឺ COVID-19 នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ។
ក្រុមអ្នកជំនាញអន្តរជាតិខាងលើមានសមាជិកពី១២ទៅ១៥នាក់ បានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការធ្វើដំណើរទៅកាន់ទីក្រុងវូហាន ដើម្បីស៊ើបអង្កេត និងត្រួតពិនិត្យភស្ដុតាង ក្នុងនោះរួមមានសំណាកមនុស្ស និងសត្វ ដែលត្រូវបានប្រមូលដោយក្រុមអ្នកវិទ្យាសាស្ត្រចិន សំដៅចាប់ផ្ដើមការសិក្សាបឋមមួយរបស់ពួកគេ ។
សូមជម្រាបថា ចិនបានទទួលស្គាល់ និង រាយការណ៍ពីករណីឆ្លងដំបូង នៃវីរុសបង្កជំងឺផ្លូវដង្ហើមដ៏អាថ៌កំបាំងមួយ នៅឯផ្សារលក់គ្រឿងសមុទ្រមួយកន្លែងក្នុងទីក្រុងវូហាន ដែលក្រោយមកត្រូវបានអង្គការសុខភាពពិភពលោក WHO ដាក់ឈ្មោះអោយជាផ្លូវការថា COVID-19 ៕