ធនាគារពិភពលោក ៖ សេដ្ឋកិច្ចរបស់កម្ពុជារំពឹងថានឹងកើនឡើងនៅ 4ភាគរយក្នុងឆ្នាំ2021

ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះប្រមាណ -2% ក្នុងឆ្នាំ2020 ជាមួយនឹងសញ្ញា
ជាច្រើនបង្ហាញពីសកម្មភាពសេដ្ឋកិច្ចកំពុងចាប់ផ្តើមកម្រើកឡើងវិញ និងត្រូវបានរំពឹងទុកថាកំណើនសេដ្ឋកិច្ច
អាចកើនបានប្រមាណ 4% ក្នុងឆ្នាំ2021។

នៅក្នុងរបាយការណ៍មួយឈ្មោះ Restrained Recovery ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភព
លោកបានបង្ហាញថាទោះបីជាការនាំចេញសរុបនៃផលិតផលកម្មន្តសាលបានរងការប៉ះទង្គិចពីការរាតត្បាតជំងឺ
នេះក៏ដោយ ក៏កំណើននៅតែបន្តមាន ក្នុងការនាំចេញផលិតផលរោងចក្រដទៃទៀត មានកង់គ្រឿងបង្គុំអគ្គិសនី
និងគ្រឿងបន្លាស់រថយន្ត និងគ្រឿងផ្សំនានា ហើយការនាំចេញអង្ករនិងផលិតផលកសិកម្មផ្សេងទៀតនៅមាន
សន្ទុះខ្លាំងក្លា។ ជាមួយគ្នានេះ ទេសចរណ៍ក្នុងស្រុកបានគាំទ្រនិងបានជួយមួយផ្នែក ដល់ការងើបឡើងវិញផ្នែកខ្លះ
នៃឧស្សាហកម្មទេសចរណ៍ និងការធ្វើដំណើរ កម្រើកឡើងវិញ។

នាយិកាគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោកលោកស្រី អ៊ីងហ្គូណា ដូប្រាចា បានមានប្រសាសន៍ថា ៖
« ចក្ខុវិស័យកំណើនរបស់កម្ពុជានៅប្រឈមនឹងភាពមិនប្រាកដប្រជាច្រើនណាស់ ក្នុងនោះគោលដៅដ៏សំខាន់
បំផុតនៃគោលនយោបាយនាពេលនេះគឺជាបន្ទាន់ ត្រូវធ្វើយ៉ាងណាស្តារឡើងវិញនូវការងារដែលបាត់បង់ ឬដែល
ត្រូវព្យួរដោយសារតែការរាលដាលជំងឺនេះ»។

រូបភាព ៖ វិស័យកាត់ដេរនៅកម្ពុជា

លោកស្រីបានបញ្ជាក់ថា៖«ការឆ្ពោះទៅមុខ គឺជាការចាំបាច់ដែលត្រូវជំរុញលើកទឹកចិត្តដល់ការវិនិយោគក្នុងស្រុក និងពីបរទេសឱ្យទាញយកផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងក្នុងតំបន់ដែលត្រូវបានបង្កើត
ឡើងកាលពីពេលថ្មីៗនេះ។ លទ្ធភាពនេះអាចធ្វើទៅរួចតាមរយៈការដាក់ចេញឱ្យបានឆាប់រហ័សនូវច្បាប់វិនិយោគ
មានភាពប្រកួតប្រជែង និងការលើកទឹកចិត្តដល់ការវិនិយោគអមដោយវិធានការទាំងឡាយសំដៅបង្កភាពងាយ
ស្រួលដល់ការធ្វើអាជីវកម្ម»។

របាយការណ៍ក៏បានផ្ដល់នូវអនុសាសន៍ដោយស្នើឱ្យបង្កើនការវិនិយោគសាធារណៈសម្រាប់ជួយដល់ជនក្រីក្រី និង
សម្រាប់ជំរុញកំណើន រួមមានទាំងកម្មវិធីបង្កើតការងារជាថ្នូរយកប្រាក់កម្រៃប្រចាំថ្ងៃ (cash-for-work projects) ដើម្បីលើកកម្ពស់វិស័យអតិពលកម្មនានា បង្កើតការងារក្នុងឱកាសដែលមានការងើបឡើងឆាប់រហ័ស
នៃតម្រូវការទំនិញប្រើប្រាស់ក្នុងស្រុក និងការបង្កើតឱកាសនានាសម្រាប់សម្រួលដល់ការពង្រីកការវិនិយោគក្នុង
ស្រុក និងពីបរទេស ដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងក្នុងតំបន់ រួមមាន កិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP)។

ចំពោះការបាត់បង់ចំណូល នៅតែមានទំហំធំនៅឡើយ បើទោះជាការធ្លាក់ចុះចំណូលគ្រួសារថយល្បឿនបន្តិចវិញ ក្រោយពីរដ្ឋាភិបាល បានដាក់ចេញកម្មវិធីថ្មីមួយសម្រាប់ផ្ទេរសាច់ប្រាក់ទៅជួយគ្រួសារក្រីក្រ និងងាយរងគ្រោះ។ ការស្ទង់មតិទាំងនោះបង្ហាញថា ជិត 90% នៃក្រុមគ្រួសារដែលត្រូវបានកំណត់អត្តសញ្ញាណថាជាអ្នកក្របាន
រាយការណ៍ថាបានទទួលប្រាក់សង្គ្រោះនៅ ក្នុងខែសីហា និងកញ្ញាកន្លងមក។

សូមបញ្ជាក់ផងដែរថា ការស្ទង់មតិលើសកម្មភាពធុរកិច្ចនេះត្រូវបានធ្វើជាមួយក្រុមហ៊ុនជាង 500 ក្រុមហ៊ុន ពីខែមិថុនាដល់ខែកញ្ញា ឆ្នាំ2020 ហើយលទ្ធផលបង្ហាញថាការលក់នៅមានកម្រិតទាប ខ្លាំង ពិសេសសម្រាប់
អាជីវកម្មខ្នាតមីក្រូតូច និងមធ្យម តែទោះយ៉ាងណាក្តីអាជីវកម្មជាច្រើនបានបើកទ្វារឡើងវិញហើយតាំងពី
ខែមិថុនាមក។

បើតាមការស្ទង់មតិតាមទូរស័ព្ទដែលធនាគារពិភពលោកបានធ្វើពីរដងក្នុងរយៈពេលកន្លងទៅ បានឱ្យដឹងថា ចំនួនអ្នកផ្តល់ចម្លើយដែលកំពុងធ្វើការក្នុងពេលស្ទង់មតិ មានការធ្លាក់ចុះពី82% នៅពេល មានការផ្ទុះជំងឺកូវីដ-19ដំបូង មកនៅត្រឹម71%ក្នុងខែឧសភា ឆ្នាំ2020 ហើយតួលេខនេះ ហាក់ដូចជា នៅដដែលក្នុងខែសីហា ឆ្នាំ2020៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner