យុវជនកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៥ ពីការប្រកួតកម្មវិធីល្បងប្រាជ្ញាយល់ដឹងពីអាស៊ានថ្នាក់តំបន់ លើកទី៩ ឆ្នាំ២០២០
កម្មវិធីប្រកួតកម្មវិធីល្បងប្រាជ្ញាយល់ដឹងពីអាស៊ានថ្នាក់តំបន់ លើកទី៩ ឆ្នាំ២០២០ ដែលប្រព្រឹត្តទៅតាមអនឡាញបានបញ្ចប់បញ្ចប់ដោយជោគជ័យ ដោយក្រុមកម្ពុជាទទួល បានចំណាត់ថ្នាក់លេខ៥ ក្នុងចំណោម ប្រទេសសមាជិកអាស៊ានទាំង១០។ ក្រសួងអប់រំបានចាត់ទុក នោះគឺជាលទ្ធផលល្អគួរអោយកត់សម្គាល់ ដែលសមាជិកក្រុមទាំង៣នាក់ បានប្រឹងប្រែងអស់ពីសមត្ថភាព តាំងពីការសិក្សាស្រាវជ្រាវមុនការប្រកួត រហូតដល់ថ្ងៃប្រកួត។ លទ្ធផលក្នុងកម្មវិធីនោះ គឺ ជ័យលាភីលេខ១ បានទៅប្រទេសឥណ្ឌូស៊ី, លេខ២បានទៅសិង្ហបុរី និងលេខ៣បានទៅប្រុយណេ ដោយឡែកកម្ពុជាស្ថិតនៅលេខ៥ ទទួលបាន៧០០ពិន្ទុ។ ការប្រកួតប្រជែងល្បងប្រាជ្ញាយល់ដឹងពីអាស៊ាន បង្កើតឡើងដើម្បីបង្កើនការស្វែងយល់ពីអាស៊ាន និងបង្កើតទំនាក់ទំនងគ្នានឹងគ្នាសម្រាប់សិស្សវិទ្យាល័យនៅបណ្តាប្រទេសអាស៊ាន។ ដោយសារបញ្ហាកូវីដ១៩ ប្រទេសសិង្ហបុរីដែលជាម្ចាស់ផ្ទះ បានរៀបចំការប្រកួតកម្មវិធីសំណួរចម្លើយពីអាស៊ានថ្នាក់តំបន់នោះ តាមប្រព័ន្ធវីដេអូ ដោយមានបេក្ខជនឆ្នើមៗ៣រូបដូចគ្នា ដែលមកពីបណ្តាប្រទេសសមាជិកអាស៊ានចូលរួម។ លក្ខខណ្ឌនៃការប្រកួតនោះ គឺជាការឆ្លើយសំណួរក្នុងទម្រង់សំណួរបើក និងពហុចម្លើយ ក្រោមប្រធានបទសសរស្តម្ភទាំងបីរបស់អាស៊ាន និងទិដ្ឋភាពទូទៅរបស់អាស៊ាន តាមរយៈការជ្រើសរើសសំណួរ និងការចុចប៊ូតុងដើម្បីឆ្លើយសំណួរផងដែរ។ បេក្ខជនតំណាងកម្ពុជាទាំងបីរូប គឺមាន ១- សិស្ស វ៉ាន់ ស្រីពេជ្រ មកពីវិទ្យាល័យទួលទំពូង, ២- សិស្ស ប្រាក់ ស្រីតូច មកពីសាលាជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ និង ៣- សិស្ស ញ៉េប ប៉ុញ្ញាឫទ្ធិ មកពីសាលាអ៊ីធូស្ទែម ព្រះយុគន្ធរ។