ប្រមុខការទូតអាល្លឺម៉ង់អះអាងថា ទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិកទំនងជារងផលប៉ះពាល់ ដោយសារការដកកងទ័ពចេញពីអាល្លឺម៉ង់

អាល្លឺម៉ង់៖ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក ហេកូ ម៉ាអាស់ បានសម្តែងការសោកស្តាយរបស់លោក នៅថ្ងៃអាទិត្យម្សិលមិញ ក្រោយទទួលបានសេចក្តីរាយការណ៍ថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ មានផែនការកាត់បន្ថយចំនួនកងទ័ពអាម៉េរិក ដែលកំពុងឈរជើងនៅប្រទេសអាល្លឺម៉ង់ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ។

បន្ថែមលើនេះ អ្នកនយោបាយជាន់ខ្ពស់ដទៃទៀតក្នុងទីក្រុងប៊ែរ ឡាំង ក៏បានធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះផែនការរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ផងដែរ ដោយពួកគេបាននិយាយថា ការសម្រេចចិត្តបែបនេះ ជាការវាយប្រហារចុងក្រោយចំពោះចំណងមិត្តភាពសហរដ្ឋអាម៉េរិក-អាល្លឺម៉ង់ និងជាហានិភ័យដល់សន្តិសុខ ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យយោធាអាម៉េរិកដកកងទ័ពចំនួន៩ពាន់៥រយនាក់ចេញពីអាល្លឺម៉ង់ ខណៈចំណាត់ការនេះ នាំឲ្យមានការព្រួយបារម្ភក្នុងតំបន់អឺរ៉ុប ជុំវិញការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីការពារទ្វីបនេះពីការគំរាមកំហែងរបស់រុស្ស៊ី ។ បើសិនជាការសម្រេចចិត្តនេះត្រូវបានប្រកាសជាផ្លូវការនោះ កងទ័ពអាម៉េរិកដែលកំពុងមានវត្តមាននៅអាល្លឺម៉ង់ នឹងត្រូវថយចុះពី៣ម៉ឺន៤ពាន់៥រយនាក់ មកនៅត្រឹម២ម៉ឺន៥ពាន់នាក់ នៅតាមមូលដ្ឋានយោធាតូចធំក្នុងប្រទេសអឺរ៉ុបមួយនេះចំនួន៣៧ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner