កូរ៉េខាងត្បូងនៅតែប្តេជ្ញាចិត្តអនុវត្តន៍ តាមកិច្ចព្រមព្រៀងអន្តរកូរ៉េ បើទោះបីជាមានការព្រមានដកខ្លួនចេញពីសំណាក់កូរ៉េខាងជើង

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលក្រុងសេអ៊ូល នៅតែបន្តការប្តេជ្ញាចិត្តអនុវត្តន៍តាមកិច្ចព្រមព្រៀងដែលសម្រេចបានរវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន និងមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បើទោះបីជាទីក្រុងព្យុងយ៉ាងបានគំរាមបិទការិយាល័យទំនាក់ទំនងរួមគ្នា និងបោះបង់កិច្ចព្រមព្រៀងយោធារវាងប្រទេស ស្តីពីការបន្ធូរបន្ថយភាពតានតឹងក៏ដោយនោះ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង និងត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានឱ្យដឹងថា គោលជំហរចម្បងរបស់យើង គឺការអនុវត្តតាមកិច្ចព្រមព្រៀងដែលសម្រេចបានដោយមេដឹកនាំប្រទេសទាំងពីរ (ខាងត្បូង និងខាងជើង) ក្នុងនោះមានដូចជាសេចក្តីប្រកាសភូមិផាន់មុនជុម ។

ការប្រកាសពីការប្តេជ្ញាចិត្តរបស់កូរ៉េខាងត្បូងខាងលើនេះ បានកើតមានឡើងក្រោយប្អូនស្រីមេដឹកនាំកំពូលកូរ៉េខាងជើង លោកស្រី គីម យ៉ូចុង បានព្រមានថា បើសិនអាជ្ញាធរកូរ៉ខាងត្បូងនៅតែបន្តអនុញ្ញាតឲ្យសកម្មភាពចែកចាយខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង ដោយក្រុមអ្នកនយោបាយរត់ចោលជួរកើតមានឡើងទៀតនោះ ទីក្រុងព្យុងយ៉ាងអាចនឹងដកខ្លួនចេញ ពីកិច្ចព្រមព្រៀងយោធាទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាគម្រោងបើកតំបន់ឧស្សាហកម្មកេសុង ព្រមទាំងបិទការិយាល័យទំនាក់ទំនងរួមគ្នានៅតំបន់ព្រំដែនខាងជើងទៀតផង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner