លោកឧកញ៉ា លាង ឃុន បញ្ជាក់ថា ជីប ម៉ុង ២៧១ មេហ្គាម៉ល ក្លាយជាមណ្ឌលផ្សារទំនើបដ៏ធំនៃភាគខាងត្បូងភ្នំពេញ ពេលដំណើរការឆ្នាំ២០២២

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ មណ្ឌលផ្សារទំនើបខ្នាតអន្តរជាតិ ជីប ម៉ុង ២៧១ មេហ្គាម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល នឹងដាក់ឲ្យដំណើរការក្នុងឆ្នាំ២០២២ខាងមុខ។ វត្តមានរបស់មណ្ឌលផ្សារទំនើបនេះនឹងក្លាយជាផ្នែកមួយក្នុងការធ្វើទំនើបកម្ម ឧស្សាកម្មលក់រាយនៅតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ។ ក្នុងពិធិចុះកិច្ចព្រមព្រៀងម៉ៅការការផ្គត់ផ្គង់ និងដំឡើងប្រព័ន្ធមេកានិច និងប្រព័ន្ធភ្លើងរវាង មណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល និងក្រុមហ៊ុន DBD Engineering Co., Ltd នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ លោកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀងទាំងនេះឆ្លុះបញ្ចាំងពីការដើរទៅមុខរហូតនៃរាល់គម្រោងអភិវឌ្ឍន៍ ទាំងអស់របស់ក្រុមហ៊ុន ជីប ម៉ុង។

លោកឧកញ៉ា លាង ឃុន បានមានប្រសាស៍ថា៖ « ការកសាងមណ្ឌលផ្សារ ជីប ម៉ុង ២៧១ មេហ្គាម៉ល នេះឡើងក៏ជាការចូលរួមចំណែកយ៉ាងសកម្ម ក្នុងការប្រែក្លាយមុខមាត់តំបន់ភាគខាង ត្បួងភាគនៃរាជធានីភ្នំពេញ ឲ្យក្លាយជាតំបន់ពាណិជ្ជកម្មដ៏ទំនើបស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការបង្កើនតំបន់សេដ្ឋកិច្ចពាណិជ្ជកម្មធំៗ ដោយភ្ជាប់នឹងភាពបៃតង»។ មណ្ឌលផ្សារទំនើបខ្នាតអន្តរជាតិ ជីប ម៉ុង ២៧១ មេហ្គាម៉ល បានវិនិយោគក្នុងទំហំទឹកប្រាក់ ប្រមាណ១៨០លានដុល្លារ និងសម្រេចការសាងសង់បានប្រមាណជាង២០ភាគរយហើយ។ ផ្សារទំនើបខ្នាតយកនេះមានទីតាំង ស្ថិតនៅក្នុងគម្រោងអភិវឌ្ឍអចលទ្រព្យ៤៣ហិកតា លែនម៉ាក ២៧១ របស់ក្រុមហ៊ុន ជីប ម៉ុង លែន។

លោក Stephane Pierron អគ្គនាយកស្តីទីរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ថ្លែងថា៖ «ខ្ញុំជឿជាក់ថា ក្រុមហ៊ុន DBD Engineering នឹងនៅតែរក្សាគុណតម្លៃក្នុងការបំពេញភារកិច្ចឲ្យទាន់ពេលវេលា និងតាមផែនការ ដើម្បីចូលរួមចំណែកជាមួយ ជីប ម៉ុង ដើម្បីសាងសង់មណ្ឌលផ្សារទំនើបដ៏អស្ចារ្យ និងធ្វើទំនើបកម្មវិស័យលក់រាយក្នុងប្រទេសកម្ពុជា»។

គួរបញ្ជាក់ផងដែរថា មណ្ឌលផ្សារទំនើបខ្នាតអន្តរជាតិ ជីប ម៉ុង ២៧១ មេហ្គាម៉ល បានបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់កាលពីខែសីហា ឆ្នាំ០៨ ហើយរំពឹង នឹងក់ឲ្យដំណើរការនៅដើមឆ្នាំ២០២២។ មណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងក្លាយជាមណ្ឌលផ្សារទំនើបដ៏ធំនៅភាគខាងត្បូងរាជធានីភ្នំពេញ៕ធ.ដ

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner