ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ខណៈពេលជិះម៉ូតូទៅខេត្តត្រូវរថយន្តបែនដឹកដី បុក និងកិនពីក្រោយនៅរង្វង់មូលនាងកងស្រូវ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ រថយន្ដបែនដឹកដីបើកបុក និងកិនស្ដ្រីម្នាក់បណ្ដាលឲ្យស្លាប់នៅកន្លែងកេីតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០នាទីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចរង្វង់មូលនាងកងស្រូវ ផ្លូវលេខ១០៤ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌ ដង្កោ។

សពជនរងគ្រោះមានឈ្មោះ ភឿន ស្រីកា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរបុគ្គលិក ហាង មានទីលំនៅឋិតក្នុង ភូមិតាងួន ឃុំពម៉ារៀល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ស្លាប់បាត់បង់ជីវិតនៅកន្លែងកេីតហេតុ)។ ចំណែកជនរងរបួសមានឈ្មោះ ភឿន ស្រីរ័ត្ន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ បុគ្គលិកហាង មានទីលំនៅឋិតក្នុងភូមិតាងួន ឃុំព ម៉ារៀល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ដោយឡែកតៃកុងរថយន្ដមានឈ្មោះ ចឹក ធូ អាយុ៣៤ ឆ្នាំមុខរបរបេីកបររថយន្ត មានទីលំនៅឋិតក្នុងភូមិអង្គខ្ជាយ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ប្រភពពីអ្នកធ្វើការជាមួយជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះ និងបងស្រី បានខ្ចីម៉ូតូអ្នកធ្វើការជាមួយគ្នា ដើម្បីទៅមើលម្ដាយឈឺនៅឯងស្រុកកំណើត ប៉ុន្ដែស្រាប់តែមកជួបគ្រោះថ្នាក់បណ្ដាលឲ្យស្លាប់បែបនេះ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ដ្រី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក  ហុងដាឌ្រីមសងលសេរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1AI-6655 បើកបរតាមបណ្ដោយផ្លូវ២១៧ បត់ស្ដាំទៅតាមបណ្ដោយផ្លូវ ១០៤ ស្រាប់តែរថយន្ដបែនដឹកដីបើកបរតាមបណ្ដោយផ្លូវជាតិលេខ២ បត់ទៅផ្លូវ១០៤ ពីក្រោយម៉ូតូក៏ជ្រុលទៅបុកម៉ូតូពីក្រោយហើយកិនស្ដ្រីម្នាក់ស្លាប់នៅកន្លែងកេីតហេតុភ្លាមៗ និង ម្នាក់ទៀតរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗតែម្ដង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញខណ្ឌ បានចុះមកជួយសម្រួលចរាចរណ៍ និងទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវ គោកនៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ចុះមកវាស់វែង និងយករថយន្ដ និងម៉ូតូទៅរក្សាទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ធ.ដ

ដោយ  ៖  ជីម  ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner