ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះវិហារ បានចុះពិនិត្យ និងពន្លឿនលើការងារសាងសង់ស្ពានស្ទឹងស្តៅ ដែលធ្លាប់រងការឆេះភ្លើងនោះ ដើម្បីបម្រើដល់ការធ្វើដំណើរ និងការតភ្ជាប់ដង្ហើមសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋនៅក្នុងតំបន់

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តព្រះវិហារ៖ ស្ពានស្ទឹងស្តៅ ត្រូវគេដឹងថា ជាស្ពានឈើដ៏ចំណាស់មួយ ដែលបានតភ្ជាប់ការធ្វើដំណើរ ចូលទៅកាន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ហើយស្ពាននេះបានរងការឆេះភ្លើងព្រៃអស់ទាំងស្រុង កាលពីពេលកន្លងទៅ។ ប៉ុន្តែ ស្ពានឈើចំណាស់មួយនេះ ត្រូវបានសាងសង់ជំនួសមកវិញ ដោយស្ពានដែកបាឡេត៍ ស្ថាបនាដោយក្រុមមន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ហើយរហូតមកទល់ពេលនេះ សម្រេចបានលើការសាងសង់ ប្រមាណ ៩០ភាគរយនោះហើយ។

ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះវិហារ លោកទេសរដ្ឋមន្ត្រី មាស សុភា ដែលមានការចូលរួម ពីអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ រួមទាំងមន្ទីរជំនាញ និងមន្ត្រីអ្នកមុខអ្នកការជាច្រើនទៀត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព លើការងារសាងសង់ស្ពានដែកបាឡេត៍ក្រាលឈើ ឬ ហៅស្ពានស្ទឹងស្តៅមួយនេះ ដោយចង់ដឹងពីសន្ទុះ នៅក្នុងការសាងសង់ស្ពាននោះ ដែលស្ថិតនៅភូមិសុច ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានថ្លែងអោយដឹងថា ស្ពានដែលកំពុងដំណើរការសាងសង់នេះ គឺជាស្ពានដែកបាឡេត៍ មានប្រវែង ៤៨ម៉ែត្រ និងទទឹង ៤.២ម៉ែត្រ សសរ និងតួស្ពានធ្វើពីដែក និងក្រាលកម្រាលឈើ។ លោកថា ថវិកាសម្រាប់ដំណើរការសាងសង់ស្ពានដែកនេះ គឺមន្ទីរទទួលបានការជួយឧបត្ថម្ភ ពីប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ លោកទេសរដ្ឋមន្ត្រី មាស សុភា, រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល, រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា នៅក្នុងពេលនេះ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កំពុងខិតខំយ៉ាងសស្រាកសស្រាំ ដោយពុំមានសំចៃពេលវេលានោះឡើយ ហើយឈើដែននាំយកមកសាងសង់ស្ពាននេះ គឹជាឈើចាស់ដែលដួលរលំនៅក្នុងព្រៃ និងនៅរាល់ការដឹកជញ្ជូនឈើ យកមកក្រាលស្ពាននេះ គឺមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ជារៀងរាល់ថ្ងៃ ពីលោក បេន ដេវីស ជនជាតិអាមេរិកកាំង ដែលជាអ្នកការពារសត្វព្រៃ និងព្រៃឈើ នៃតំបន់អភិរក្សភ្នំត្នោត និងភ្នំពក ហើយស្ពាននេះអនុញ្ញាតអោយរថយន្តបើកបរឆ្លងកាត់ ចំពោះរថយន្តណាមានកម្ពស់ត្រឹម ២ម៉ែត្រកន្លះ« ២.៥ម៉ែត្រ» តែប៉ុណ្ណោះ ។

លោកបានបន្តទៀតថា ស្ពាននេះបានចាប់ដំណើរការសាងសង់ ពីថ្ងៃទី២៣កុម្ភះឆ្នាំ២០២០ រហូតមកទល់នឹងពេលនេះ មានរយៈពេល ជាង៤ខែហើយ និងការសាងសង់ស្ពាននេះ សម្រេចបានប្រមាណ ៩០ភាគរយ គឺនៅសល់តែ១០ភាគទៀតប៉ុណ្ណោះ នឹងត្រូវបញ្ចប់នៅក្នុងការសាងសង់នោះហើយ។ លោក សំ លាងទ្រី បានបញ្ជាក់ថា ស្ពានស្ទឹងស្តៅ ប្រភេទដែកបាឡេត៍ ក្រាលឈើនេះ មានអត្ថប្រយោជន៍យ៉ាងសំខាន់ សម្រាប់ការតភ្ជាប់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ជាពិសេស អ្នកការពារសត្វព្រៃ និងព្រៃឈើ នៃដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ដែលត្រូវធ្វើដំណើរទៅកាន់ទីនោះ។ ហើយប្រជាពលរដ្ឋ ៣ភូមិ គឺភូមិសុច ភូមិត្រពាំងធ្លក និងភូមិតាបស់ ស្ថិតនៅក្នុងស្រុកសង្គមថ្មីនោះ នឹងលែងព្រួយបារម្ភ ពីការធ្វើដំណើរនោះទៀតហើយ។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ កោតសរសើរចំពោះការកើតឡើង សមិទ្ធផលថ្មី នៃស្ពានដែកបាឡេត៍មួយនេះ ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលមាន លោក ប្រាក់ សុវណ្ណ ជាអភិបាលខេត្ត លោក ឡុង សុវណ្ណ ជាប្រធានក្រុមប្រឹក្សាខេត្ត និង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មានលោក សំ លាងទ្រី ជាប្រធាន បានរួមសហការណ៍គ្នាកសាង នូវសមិទ្ធផលថ្មីៗ កើតឡើងជាបន្តបន្ទាប់ គួរជាទីមោទនៈយ៉ាងក្រៃលែង។

លោកទេសរដ្ឋមន្ត្រី មាស សុភា មានប្រសាសន៍ទៀតថា ស្ពានដែកបាឡេត៍នេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើន សម្រាប់បំរើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងសម្រាប់មនុស្សជាតិទូទៅ ជាពិសេស សម្រាប់តភ្ជាប់ដង្ហើមសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ការដឹកជញ្ជូនកសិផលនានាទៅកាន់ទីផ្សារ និងការធ្វើដំណើរយ៉ាងងាយស្រួល និងឆាប់រហ័ស ចូលទៅកាន់ដែនជម្រកសត្វព្រៃភ្នំត្នោត និងភ្នំពក បានយ៉ាងប្រសើរ។

លោកទេសរដ្ឋមន្ត្រី បានថ្លែងរកការជំរុញ ទៅដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវពន្លឿនលើការស្ថាបនាស្ពាននេះអោយបានឆាប់ ព្រោះត្បិតរដូវវស្សាបានឈានចូលមកដល់ហើយ។ លោកទេសរដ្ឋមន្ត្រី មាស សុភា បានឧបត្ថម្ភថវិកា ចំនួន ៥០លានរៀល ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងបានឧបត្ថម្ភសម្ភារៈ បរិក្ខា គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនលោក បេន ដេវីស អ្នកការពារព្រៃឈើ និងដែនជម្រកសត្វព្រៃភ្នំត្នោត និងភ្នំពក ថែមទៀតផង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner