ក្រុមហ៊ុន ជីប ម៉ុង បានសម្ពោធដាក់ឲ្យដំណើរការនូវ ធនាគារឯកជនសាខាទី៨ របស់ខ្លួន លើទឹកដីខេត្តបាត់ដំបងដើម្បីជួយជំរុញនូវកំណើនសេដ្ឋកិច្ចរបស់ខេត្ត ដ៏មានសក្តានុពលលើវិស័យកសិកម្មនៃដំណាំស្រូវ (មានវីដេអូ)

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមហ៊ុន ជីប ម៉ុង បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការធនាគារ ជីបម៉ុង សាខាទី៨ នៅក្នុងខេត្តបាត់ដំបង នៅថ្ងៃទី៥ខែមិថុនាឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់តូ ទេសាភិបាល នៃធនាគារជាតិនៃកម្ពុជានិងវត្តមានជាកិត្តិយសរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង។ក្នុងគោលបំណងដើម្បីជួយជំរុញនូវកំណើនសេដ្ឋកិច្ច ដ៏មានសក្តានុពលលើវិស័យកសិកម្មនៃដំណាំស្រូវ-អង្ករ របស់ ខេត្តមួយនេះ ។

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីបម៉ុង និងជាភាគទុនិក (ម្ចាស់ភាគហ៊ុន) របស់ធនាគារជីបម៉ុងសាខាទី៨ខេត្តបាត់ដំបង លោកឧញ៉ា លាង ឃុន បានថ្លែងគូសបញ្ជាក់ថា វត្តមានធនាគារ ជីប ម៉ុង ក្នុងខេត្តបាត់ដំបង នឹងជួយគាំពារផ្នែកហិរញ្ញវត្ថុជូនដល់ម្ចាស់ក្រុមហ៊ុនផ្សេងៗ សហគ្រាស និងសិប្បកម្ម ពាណិជ្ជករ កសិករ និងពលរដ្ឋទូទៅ ដើម្បីទទួលបាននូវការពង្រីកមុខរបររបស់ពួកគេ។ជាពិសេស អតិថិជន និងទទួលបានភាពងាយស្រួលក្នុងការធ្វើចរន្តសាច់ប្រាក់ផ្សេងៗ ។

លោកឧញ៉ា លាង ឃុន បានបន្ថែមថាធនាគារ ជីប ម៉ុង និងខិតខំប្តេជ្ញាបន្តអភិវឌ្ឍខ្លួនឲ្យក្លាយជាធនាគារឌីជីថល ដើម្បីបម្រើសេវាហិរញ្ញវត្ថុកាន់តែងាយស្រួលជូនដល់អតិថិជនទាំងអស់នៅក្នុខេត្តបាត់ដំបង ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងនូវការអបអរសាទរ ចំពោះវត្តមាន សាខាទី៨ នៃធនាគារជីបម៉ុង ក្នុងការបោះជំហានថ្មីរបស់ខ្លួនមកកាន់ខេត្តបាត់ដំបង ក្នុងការជួយជំរុញសេដ្ឋកិច្ចក្នុងខេត្តនេះឱ្យកាន់តែរីកចម្រើន តាមរយៈ ការផ្តល់ជូនពលរដ្ឋក្នុងខេត្តមួយនេះនូវផលិតផលនិងសេវាកម្មដ៏សម្បូរបែបរបស់ខ្លួន ដូចជា៖ ឥណទានពាណិជ្ជកម្ម ឥណទានផ្ទាល់ខ្លួន បញ្ញើមានអត្រាការប្រាក់ខ្ពស់ ការទូទាត់ ឬធ្វើចរន្តសាច់ប្រាក់ផ្សេងៗតាមកម្មវិធីទូរស័ព្ទ Bank! Bank! ព្រមទាំងភ្នាក់ងារធនាគារ ដែលអាចដកប្រាក់ ដាក់ប្រាក់ ផ្ទេរប្រាក់ និងទទួលបានកម្ចីយ៉ាងងាយបំផុត។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានស្នើដល់ធនាគារជីបម៉ុង ជួយអភិវឌ្ឍជីវភាពរបស់ពលរដ្ឋក្នុងខេត្តបាត់ដំបង ដែលជាអតិថិជនរបស់ខ្លួន ដើម្បីឲ្យពលរដ្ឋអ្នកខ្ចី និងធនាគារទទួលបានជោគជ័យដូចគ្នា ក្នុងវិស័យការខ្ចីប្រាក់នេះ ។

នៅក្នុងឱកាសសម្ពោធដាក់ឲ្យដំណើការនូវសាខាទី៨នៃធនាគារឯកជន របស់ក្រុមហ៊ុន ជីប ម៉ុង ឯកឧត្តម ជា ចាន់តូ បានមានប្រសាសន៍ថា៖ ការបោះទីតាំងនៅលើទឹកដីខេត្តបាត់ដំបង និងដាក់ឲ្យដំណើរការនូវសាខាធនាគារ ជីបម៉ុង នៅទីនេះ គឺវាពិតជាបានបង្ហាញពីការរីកចម្រើននៃវិស័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ ហើយអ្វីៗ ដែលមានថ្ងៃនេះ ក៏មិនអាចកាត់ផ្តាច់បានពីកត្តាសុខសន្តិភាព ក្រោមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាឯកឧត្តម ទេសាភិបាលធនាគារជាតិកម្ពុជា ក៏បានជំរុញដល់សាខាធនាគារជីបម៉ុងទី៨ត្រូវអនុវត្តតាមការណែនាំរបស់ធនាគារជាតិកម្ពុជា ក្នុងការសម្របសម្រួលដល់អតិថិជនរបស់ខ្លួន ក្នុងដំណាក់កាលនៃ ការរីករាលដាលជំងឺកូវីដ-១៩ នេះ ។

គួរបញ្ជាក់ថា៖ត្រឹមតែរយៈពេលជាងមួយឆ្នាំ ធនាគារ ជីប ម៉ុង បានពង្រីកសាខារបស់ខ្លួន នៅតាមបណ្តាខេត្ត-រាជធានី បានចំនួន០៨ទីតាំង និងមានភ្នាក់ងារធនាគារ ចំនួន៥០ទីតាំង និង គ្រោងពង្រីកភ្នាក់ងារឲ្យបាន ចំនួន៥០០ទីតាំង នៅក្នុងឆ្នាំនេះ ព្រមទាំងបំពាក់នូវម៉ាស៊ីនអេធីអឹម ដាក់និងដកប្រាក់ ជាច្រើនកន្លែងថែមទៀត៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner