សិក្ខាកាមចំនួន៥០រូបបញ្ចប់ការសិក្សាវគ្គបណ្តុះបណ្តាល Samsung Tech Institute សម្រាប់ឆ្នាំ ២០២០ដោយជោគជ័យ
ភ្នំពេញ៖ វគ្គបណ្តុះបណ្តាល Samsung Tech Institute ជំនាន់ទី២ ដែលបង្កើតឡើងដោយក្រុមហ៊ុន សាមសុង និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលបានចាប់ផ្តើមកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ និងមានរយៈពេល០៩សប្តាហ៍លើមុខជំនាញ៖ ជួសជុលបរិក្ខារអេឡិចត្រូនិច (CE) និងស្មាតហ្វូន (IM) បានចប់សព្វគ្រប់ដោយជោគជ័យជាស្ថាពរហើយ ។
លោក សឹងហូរ ឆយ អគ្គនាយកសាខាក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល Samsung Tech Institute គឺពិតជាដើរតួយ៉ាងសំខាន់បំផុត ក្នុងការបង្កើតធនធានមនុស្សផ្នែកអេឡិចត្រូនិចនៅកម្ពុជា ដោយផ្តល់នូវចំណេះដឹងច្បាស់លាស់ អមជាមួយទ្រឹស្តី និងការអនុវត្តផ្ទាល់ ជាមួយផលិតផលអេឡិចត្រូនិចទំនើបៗថ្មីៗរបស់ក្រុមហ៊ុន សាមសុង ដែលកំពុងត្រូវបានប្រើប្រាស់ និងគាំទ្រជុំវិញពិភពលោក ។ លោកអគ្គនាយកបន្ថែមថា សាមសុងតែងតែផ្តល់តម្លៃខ្ពស់បំផុត ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម សហគមន៍ និងពិភពលោកទាំងមូលឱ្យមានភាពកាន់តែងាយស្រួល និងប្រសើរឡើង ។ អ្វីដែលយើងចង់បានបំផុតនោះ គឺសូមឱ្យសិក្ខាកាមដែលបានបញ្ចប់ការសិក្សាពីវគ្គបណ្តុះបណ្តាលនេះទាំងអស់ នឹងអាចប្រើប្រាស់ជំនាញចំណេះដឹងរបស់ខ្លួន ដើម្បីស្វែងរកការងារល្អ ជាមួយប្រាក់ខែខ្ពស់ ដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារ និងចូលរួមក្នុងការអភិវឌ្ឍន៍សង្គមជាតិទាំងមូលផងដែរ ។
ឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស NTTI ក៏បានធ្វើការកោតសរសើរ និងរីករាយក្រៃលែង ចំពោះការយកចិត្តទុកដាក់ និងការលះបង់ដែលមានតម្លៃមិនអាចកាត់ថ្លៃបានរបស់ក្រុមហ៊ុន សាមសុង ក្នុងការចូលរួមលើកកម្ពស់វិស័យបច្ចេកវិទ្យា ក៏ដូចជាវិស័យធនធានមនុស្សនៅកម្ពុជា ។ ប្អូនប្រុស ដួង ពៅរ៉ាដា ជាសិស្សម្នាក់ក្នុងចំណោមសិស្សទាំងអស់ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះបញ្ជាក់ថា វគ្គសិក្សាផ្នែកបច្ចេកវិទ្យា និងអេឡិចត្រូនិចជាមួយបរិក្ខារទំនើបៗផ្ទាល់ដែលក្រុមហ៊ុន សាមសុង ផ្តល់ជូន នេះ គឺពិតជាមានតម្លៃណាស់ ដូច្នេះខ្ញុំត្រូវតែចាប់យកឱកាសនេះឱ្យជាប់ ដើម្បីឈោងចាប់យកការងារដែលពាក់ព័ន្ធទៅនឹងផ្នែកបច្ចេកវិទ្យា និងគ្រឿងបរិក្ខារអេឡិចត្រូនិចសម្រាប់ថ្ងៃអនាគតឱ្យបាន ។
សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាល Samsung Tech Institute ដែលបានបង្កើតឡើងមកនេះ គឺមានសិក្ខាកាមចូលរួមចំនួន៥០រូប ហើយវគ្គបណ្តុះបណ្តាលនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការអភិវឌ្ឍន៍សមត្ថភាព ចំណេះ ជំនាញ និងទេព្យកោសល្យដល់សិក្ខាកាមជំនាន់ក្រោយ ជាពិសេសផ្តល់ឱកាសការងារឱ្យមានភាពកាន់តែទូលំទូលាយដល់សិស្សនិស្សិតកម្ពុជាទាំងមូលផងដែរ ។ បន្ថែមលើនេះ ក្រុមហ៊ុន សាមសុង ក៏បានផ្តល់ឱកាសការងារដល់សិក្ខាកាមឆ្នើម និងមានពិន្ទុខ្ពស់ជាងគេចំនួន០៤រូបផងដែរ ដើម្បីចុះហាត់ការដោយផ្ទាល់នៅក្រុមហ៊ុន សាមសុង ដោយទទួលបានអត្ថប្រយោជន៍ និងបា្រក់បៀរវត្សបន្ថែមផងដែរ ៕







