អគ្គលេខាធិការកីឡាហែលទឹក ចាត់ទុកវគ្គបណ្តុះបណ្តាលហែលទឹក ដល់និស្សិតសាលានាយទាហានសកម្មត្មាតពង ជាការបោះជំហានមួយថ្មីជាមួយស្ថាប័នរដ្ឋ

និស្សិតជំនាន់ទី២១ ចំនួន១១៩នាក់ របស់សាលានាយទាហានសកម្មត្មាតពង ទទួលបានការបណ្តុះបណ្តាលជំនាញហែលទឹក ពីគ្រូជំនាញរបស់សហព័ន្ធខ្មែរកីឡាហែលទឹក ដែលវគ្គនេះ ត្រូវបាន លោក ហែម គិរី អគ្គលេខាធិការ ចាត់ទុកជាការបោះជំហានមួយថ្មីជាមួយស្ថាប័នរដ្ឋ ។


លោក ហែម គីរី អះអាងថា វគ្គបណ្តុះបណ្តាលនេះ សហព័ន្ធបានបញ្ជូនគ្រូឧទ្ទេស៣រូប មានលោក នាង សូរិទ្ធិយ៉ា លោក ចេង ពិរោធ និងលោក ឆោម ចាន់ថុន វគ្គសិក្សានេះមានរយៈពេល៧ថ្ងៃ ប៉ុន្តែការហ្វឹកហាត់ធ្វើតែពេលព្រឹកប៉ុណ្ណោះ ចំណែកពេលរសៀល និស្សិតសាលានាយទាហានសកម្មអនុវត្តដោយខ្លួនឯងផ្ទាល់ ។ លោក អគ្គលេខាធិការ រំលឹកថា ដើមឡើយវគ្គបណ្តុះបណ្តាលនេះ លោកព្រឹទ្ធាចារ្យ ហែម ថន អតីតអគ្គលេខាធិការ ធ្លាប់បានចុះទៅបង្រៀនផ្ទាល់ ។


លោក ហែម គីរី បានចាត់ទុកថា ជាមោទនភាពរបស់សហព័ន្ធខ្មែរកីឡាហែលទឹក និងជាជំហានថ្មីមួយទៀត ដែលសហព័ន្ធកំពុងតែធ្វើ សមាហរណកម្ម ចូលរួមជាមួយស្ថាប័នរដ្ឋ ជាពិសេស កងយោធិពលខេមរភូមិន្ទ ដើម្បីជួយរួមចំណែកបណ្តុះបណ្តាលបច្ចេកទេស ជំនាញប្រើប្រាស់ចាំបាច់ ដល់នាយទាហាន ពលទាហាន ។


ឯ ឧ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្មត្មាតពង បានបញ្ជាក់ថា សាលានឹងអាចចុះកិច្ចព្រមព្រៀង នឹងជាមួយសហព័ន្ធខ្មែរកីឡាហែលទឹក នាពេលអនាគត ដើម្បីជួយ ក្នុងការបើកវគ្គ និងបង្រៀនហែលទឹក ដល់និស្សិតនាយទាហានសកម្ម ៕
