អគ្គលេខាធិការកីឡាវាយកូនបាល់ បញ្ជាក់ថា ព្រឹត្តិការណ៍ ថ្ងៃ២៨ វិច្ឆិកា មិនជាបញ្ហាប្រឈមធ្វើឲ្យសិទ្ធផលកីឡាករ កីឡការិនីធ្លាក់ចុះសមត្ថភាពឡើយ


លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានថ្លែងប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា នាកន្លែងហ្វឹកហាត់ ក្នុងពហកីឡដ្ឋានជាតិ នាព្រឹកមិញនេះថា ព្រឹត្តិការណ៍ ថ្ងៃ ទី២៨ វិច្ឆិកា ដែលជំងឺកូវីដ-១៩ ឆ្លងចូលដល់សហគមន៍ ក្នុងប្រទេសកម្ពុជា ជាលើកដំបូង ដែលបណ្តាធ្វើឲ្យអត្តពលិកកីឡាវាយកូនបាល់ ត្រូវផ្អាកការហ្វឹកហាត់ជាក្រុមមួយរយៈ ប៉ុន្តែមិនធ្លាក់ចុះសមត្ថភាពអត្តពលិកកីឡាវាយកូនបាល់នោះឡើយ ដោយសារតែសហព័ន្ធមានផែនការ ត្រៀមទុករួចជាស្រេច សម្រាប់ការហ្វឹកហាត់ជាលក្ខណៈទ្រុងទ្រាយតូ ចនៅតាមក្លិបឯកជន និងនៅតាមផ្ទះ ។

លោកអគ្គលេខាធិការ អះអាងទៀតថា យើងដឹងហើយថា ជំងឺកូវីដ-១៩ វាជាបញ្ហាប្រឈមខ្លាំងចំពោះការហ្វឹកហាត់របស់អត្តពលិកគ្រប់ប្រភេទកីឡាទាំងអស់ នៅកម្ពុជា ហើយយើងក៍មិនត្រូវបណ្តែតបណ្តោយ ឬផ្តេកផ្តួលទៅតាមវាដែរ ព្រោះនៅឆ្នាំ២០២១ខាងមុខនេះ យើងមានព្រឹត្តិការណ៍ធំៗជាច្រើនដូចជា ព្រឹត្តិការណ៍ Davis Cup ស៊ីហ្គេម លើកទី៣១ នៅវៀតណាម ដើម្បីប្រជែងដណ្តើមយកមេដាយ និងជ័យជំនះមកជូនជាតិ ។ ដូច្នេះហើយ រាល់ពេលក្រសួង ប្រកាសអោយផ្អាក សហព័ន្ធតែងតែត្រៀម កម្មវិធីហ្វឹកហាត់ជាលក្ខណៈឯកជន ដែលមានការជួបជុំចំនួនកីឡាករតិច តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា នៅខេត្តកែបជាដើម ។

លោក អគ្គលេខាធិការ បានពន្យល់ថា ការដាក់ផែនការហ្វឹកហាត់ ដោយមិនទម្លាក់ដៃនេះ គឺដោយសារតែសហព័ន្ធ ចង់ឲ្យសមត្ថភាពកីឡាករជម្រើសជាតិមានការរីកចំរើនឈានទៅសម្រេច គោលដៅ ឈ្នះមេដាយ នៅស៊ីហ្គេម ប្រទេសវៀតណាម នៅឆ្នាំ២០២១ និងឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

សូមបញ្ជាក់ថា សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានដាក់ទិសដៅថា ព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី២១ នៅវៀតណាម ឆ្នាំ២០២១ខាងមុខនេះ នឹងដណ្តើមមេដាយយ៉ាងហោចមួយជូនកម្ពុជា រីឯប្រព្រឹត្តិការណ៍ Davis Cup វិញ អត្តពលិកកីឡាវាយកូនបាល់កម្ពុជា ប្តេជ្ញាដណ្តើមកៅអី គ្រុបទី២ ជូនកម្ពុជាអោយបាន ៕
