ទំនប់ស្ទាក់ទឹកសាលាតាអន ស្រុកឯកភ្នំ ខេត្តបាត់ដំបង តម្លៃប្រមាណជាង ៣២លានដុល្លារអាមេរិក គ្រោងនិងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១នេះហើយ
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានចាត់ទុកទំនប់ស្ទាក់ទឹកស្ទឹងសង្កែ ” ទំនប់សាលាតាអន” ក្នុងភូមិសាស្ត្រ ស្រុកឯកភ្នំ ខេត្តបាត់ដំបងគឺជាទំនប់ដែលមានតម្លៃជាប្រវត្តិសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាជូនប្រជាពលរដ្ឋក្នុងខេត្ត។ជាពិសេស ប្រជាពលរដ្ឋ ក្នុងស្រុកឯកភ្នំ ស្រុកសង្កែនិងក្រុងបាត់ដំបង នៅក្រោយពេលដែលទំនប់សាលាតាអន ត្រូវបានបញ្ចប់នូវការសាងសង់រួចរាល់ជាស្ថាពរនៅមុនដំណាច់ឆ្នាំ២០២១ខាងមុខនេះ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ ជាមួយឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម និងតំណាងក្រុមហ៊ុនសាងសង់ប្រទេសកូរ៉េ រួមនិងថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសអនុវត្តគម្រោងសាងសង់របស់ក្រសួង និង មន្ទីរជំនាញផ្ទាល់ នៅព្រឹកថ្ងៃទី២៥ខែធ្នូឆ្នាំ២០២០នេះ។
តាមរយៈនៃកិច្ចប្រជុំនេះ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញអំពីវឌ្ឍនភាពនៃគម្រោងនិងកិច្ចដំណើរការក្នុងការសាងសង់នូវទំនប់ស្ទាក់ទឹកស្ទឹងសង្កែ “ទំនប់សាលាតាអន”ស្ថិតក្នុងភូមិសាស្ត្រ នៃស្រុកឯកភ្នំ នេះដែលរួមមាន៖ សំណង់មេស្ទាក់ទឹកស្ទឹងសង្កែនិង ប្រឡាយមេដូនទាវ និងពីអត្ថប្រយោជន៍ដ៏មានសក្តានុពលសេដ្ឋកិច្ចដំណាំកសិកម្មក្នុងស្រុកដែលមានភូមិសាស្ត្រជាប់និងគម្រោង។ហើយគម្រោងនេះ គ្រោងនិងបញ្ចប់នៅមុនដំណាច់ឆ្នាំ២០២១ខាងមុខនេះ។
តាមការគូសបញ្ជាក់និងការធ្វើបទបង្ហាញពីអ្នកបច្ចេកទេសកូរ៉េ និង មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក ដែលជាអ្នកអនុវត្តគម្រោងនេះផ្ទាល់ បានធ្វើបទបង្ហាញតាមរយៈវីដេអូឃ្លីបរបស់ខ្លួនអំពីវឌ្ឍនភាពជាជំហានៗ នៃតំណាក់កាលក្នុងការអនុវត្តគម្រោងជាបន្តបន្ទាប់ចាប់តាំងពីផ្តើមសាងសង់រហូតមកដល់បច្ចុប្បន្នដែលគ្រោងនិងបញ្ចប់នៅខែ
វិច្ឆិកាឆ្នាំ២០២១នេះ។
កាលពីចុងខែឧសភាឆ្នាំ២០២០ កន្លងទៅនេះឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ព្រមទាំងសហការី បានបំពេញបេសកកម្ម មកកាន់ទីតាំងសាងសង់សំណង់មេស្ទាក់ទឹកស្ទឹងសង្កែ និងប្រឡាយមេដូនទាវ នៃ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ស្ថិតក្នុង ស្រុកឯកភ្នំ និងស្រុកសង្កែ ខេត្តបាត់ដំបងនេះ បានឲ្យដឹងថា៖ គោលបំណងនិងអត្ថប្រយោជន៍របស់គម្រោង និងក្រោយពីបញ្ចប់គម្រោងអភិវឌ្ឍន៍ទំនប់ស្ទាក់ទឹកស្ទឹងសង្កែ”ទំនប់សាតាអន”ខេត្តបាត់ដំបង ដែលជាគម្រោងក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ ទំនប់នេះនិងផ្តល់នូវអត្ថប្រយោជន៍ដ៏មានសក្តានុពលសេដ្ឋកិច្ចក្នុងខេត្តបាត់ដំបង ឲ្យបានកាន់តែប្រសើរឡើងថែមទៀត តាមរយៈនៃសារៈប្រយោជន៍សំខាន់ៗ ចំនួន៣ រួមមាន៖ទី១. រក្សានិង តម្កល់កម្ពស់ទឹកស្ទឹងសង្កែ បានជាប់ជាប្រចាំ ទាំងរដូវប្រាំងនិងរដូវវស្សា យ៉ាងហោចណាស់ក្នុងកម្រិតកម្ពស់ទឹកពី១០ទៅ១៣ម៉ែត្រ នៅមុននិងហូរចុះទៅតំបន់បឹងទន្លេសាប។ ទី២.បម្រើដល់ការផលិតនូវទឹកស្អាត សម្រាប់ការប្រើប្រាស់ ជីវភាពប្រចាំថ្ងៃក្នុងទីប្រជុំជនក្រុងនិងស្រុកជិតខាង។ ថែមទាំងធ្វើឲ្យទីក្រុងបាត់ដំបង កាន់តែស្រស់ស្អាត ដែលអាចទាក់ទាញដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិមកលេងកំសាន្តទៀតផង។ និងទី៣. ទំនប់នេះវានិងផ្តល់ការស្រោចស្រពលើផ្ទៃដីដាំដុះដំណាំស្រូវ នៅក្នុងរដូវវស្សា ប្រមាណ ១១ពាន់ហិកតា និងស្រូវប្រាំងប្រមាណ ៤ពាន់ហិកតា ផងដែរ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងនូវការដឹងគុណ និងអរគុណចំពោះប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួង និងដៃគូអភិវឌ្ឍន៍នានា ដែលបានផ្តល់នូវសមិទ្ធផលធំៗដល់ខេត្តកន្លងមក។ ជាពិសេស ប៉ុន្មានឆ្នាំមុននេះខេត្តបាត់ដំបងបានទទួលនូវសមិទ្ធផលទំនប់កង្ហត ក្នុងស្រុកបាណន់ និងទំនប់ពហុបំណងសេកសក ក្នុងស្រុករតនមណ្ឌល ដែលបានផ្តល់ឱកាសឲ្យប្រជាកសិករនិងប្រជាពលរដ្ឋមានជីវភាពប្រសើរ។ ហើយថ្មីៗនេះ សមិទ្ធផលដែលកំពុងតែសាងសង់ដូចជាទំនប់ស្ទាក់ទឹកសាលាតាអន និង ទំនប់ក្បាលស្ទឹងដូនទ្រី ក្នុងស្រុករុក្ខគីរី គឺជាទំនប់ប្រវត្តិសាស្ត្រ ដែលមិនធ្លាប់មានពីមុនមក…៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )