រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចេញអធិបញ្ជា ឱ្យតុលាការ ចាត់វិធានការទណ្ឌិត សម រង្ស៊ី ករណីប្រមាថដល់ អង្គព្រះមហាក្សត្រ
រាជធានីភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើអធិបញ្ជា ឲ្យតុលាការ ចាត់វិធានការ តាមច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុត លើឈ្មោះ សម រង្ស៊ី ចំពោះករណីប្រមាថ យ៉ាងធ្ងន់ធ្ងរ ដល់អង្គព្រះមហាក្សត្រ ។
យោងតាមលិខិតរបស់ក្រសួងយុត្តិធម៌នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តមកើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌បានបញ្ជាក់ពីទង្វើរបស់ទណ្ឌិតសមរង្សីថាបានបង្ហោះសារតាមបណ្តាញសង្គម Facebook កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដោយប្រមាថយ៉ាងធ្ងន់ធ្ងរម្តងទៀតចំពោះព្រះមហាក្សត្រកម្ពុជា ដោយមានខ្លឹមសារថា៖ «ឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាបក្នុងរឿងនេះ ហើយគាត់ត្រៀមសងលុយសប្បុរសជន ដែលចាញ់បោកគាត់មានទាំងស្តេចទីងមោងផងដែរ»។
ក្នុងលិខិតរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបញ្ជាក់ថាចំពោះខ្លឹមសារនៃសារដែលឈ្មោះសម រង្ស៉ី បាននិងកំពុងផ្សព្វផ្សាយជាសាធារណៈតាមរយៈបណ្តាញសង្គមនេះ គឺជាការប្រមាថចំពោះអង្គព្រះមហាក្សត្រ ដោយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្តខ្មែរទូទាំងប្រទេស។ទង្វើនេះគឺជាការរំលោភបំពានលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌ។
តាមរយៈលិខិតខាងលើនេះដែររដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានលើកឡើងដោយបញ្ជាក់ថា”យោងតាមមាត្រា២៩នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាក្រសួងយុត្តិធម៌បានឱ្យព្រះរាជអាជ្ញាចាត់វិធានការផ្ឡូវច្បាប់ជាបន្ទាន់និងតឹងរឹងបំផុតចំពោះអំពើប្រមាថចំពោះអង្គព្រះមហាក្សត្រ៕