ការប្រកួតកីឡាទូកជើងឯកថ្នាក់ជាតិ ពាន រង្វាន់ សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២០ រៀបចំដោយអនុវត្តន៍តាមវិធានសុវត្តិភាពរបស់សុខាភិបាល
សហព័ន្ធកីឡា ទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានប្រកាសថា រៀបចំការប្រកួតកីឡាទូកជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ពានរង្វាន់សម្តេច ក្រឡាហោម ស ខេង លើទី៧ នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ។
លោក ស្រ៊ុន លាង អគ្គលេខាធិការរង សហព័ន្ធកីឡា ទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ពានសម្តេចក្រឡាហោម ស ខេង លើកទី៧ សហព័ន្ធគ្រោងនឹងរៀបចំតាំងពីដើមខែធ្នូ ឆ្នាំ២០២០មកម្ល៉េះ ប៉ុន្តែដោយសារព្រឹត្តការណ៍ ៣វិច្ឆិកា និងព្រឹត្តិការណ៍ ២៨វិច្ឆិកា ទើបធ្វើឲ្យសហព័ន្ធសម្រេចពន្យាពេលដោយរងចាំស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ទើបរៀបចំ ប្រកួតជាថ្មី ។
អគ្គលេខាធិការរងខាងលើ អះអាងថា ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ សហព័ន្ធសម្រេចយកថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ដើម្បីឲ្យការ រៀបចំប្រព្រឹត្តិទៅដោយ ជោគជ័យ និងរលូន ។ លោក ស្រ៊ុន លាង បញ្ជាក់ទៀតថា ទោះបីស្ថានភាពជំងឺកូវីដ-១៩ មានការមថយយ៉ាងណាក្តី ក៍គណៈកម្មការរៀបចំការប្រកួត នៅតែអនុវត្តទៅតាមវិធានសុវត្តិភាព របស់ក្រសួងសុខាភិបាល និងការណែនាំរបស់ក្រសួងអប់រំជានិច្ច គឺរក្សាអនាម័យ ពិនិត្យកំដៅ បាញ់អាកុល និងរក្សាគម្លាតសុវត្ថិភាព ដើម្បីទប់ស្កាត់ការពារការឆ្លងការរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ ។
អគ្គលេខាធិការរង លោក ស្រុន លាង បានបន្ថែមថា ការប្រកួតជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្តេចក្រឡាហោម ឆ្នាំ២០២០ ដែលសហព័ន្ធរៀបចំនេះ គឺស្វែងរកធនធានកីឡាករ កីឡាការិនីឆ្នើមៗមានសមត្ថភាព មកពីបណ្តាភូមិភាគទាំង៥ ទូទាំងប្រទេស សម្រាប់ក្រុមជម្រើសជាតិ ឆ្នាំ២០២១ ដើម្បីហ្វឹកហាត់ ត្រៀមការប្រកួតធំៗ នៅលើឆាកអន្តរជាតិ ពិសេសស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
សូមបញ្ជាក់ថា ការប្រកួតកីឡាទូកកានូ និងរ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ និងពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៧ គ្រោងនឹងរៀបចំថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានភូមិភាគចំនួន៥ចូលរួម ដូចជា ភូមិភាគនិរតី ភូមិភាគបឹងទន្លេសាប ភូមិភាគវាលរាប ភូមិភាគឥសាន និងភូមិភាគរាជធានីភ្នំពេញ ៕