ថៃបន្តរកឃើញអ្នកឆ្លង COVID-19 ក្នុងសហគមន៍ចំនួន៧២នាក់ទៀត ក្នុងចំណោមអ្នកឆ្លងថ្មីៗសរុប៨១ករណី
ថៃ៖ ក្រសួងសុខាភិបាលថៃបញ្ជាក់ថា អាជ្ញាធរថៃនៅថ្ងៃសុក្រនេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ក្នុងសហគមន៍ចំនួន៧២ករណីទៀត និង០៩នាក់ជាករណីនាំចូលពីក្រៅប្រទេស ស្ថិតនៅក្នុងចំណោមអ្នកឆ្លងថ្មីៗសរុបចំនួន៨១ករណី នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ។
ប្រភពខាងលើនេះបានអោយដឹងថា ក្នុងចំណោមករណីឆ្លងសហគមន៍ទាំង៧២នាក់នេះ ពាក់កណ្តាលមានជាប់ពាក់ព័ន្ធទៅនឹងករណីផ្ទុះការឆ្លង COVID-19 ក្នុងទីផ្សារលក់អាហារសមុទ្រក្នុងខេត្ត សាមុត សាខន ភាគនិរតីប្រទេសថៃ ។ ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរថៃពុំបានបញ្ជាក់ព័ត៌មានលម្អិតបន្ថែម ជុំវិញអត្តសញ្ញាណ ឬខេត្ត-ក្រុងដែលអ្នកឆ្លងជំងឺថ្មីៗនេះរស់នៅនោះឡើយ ។
សូមជម្រាបថា គិតត្រឹមថ្ងៃសុក្រនេះ នៅទូទាំងប្រទេសអាស៊ីមួយនេះ មានករណីឆ្លង COVID-19 សរុប៥ពាន់៩១០ករណី ក្នុងនោះស្លាប់៦០នាក់ និងជាសះស្បើយវិញ៤ពាន់១៣០នាក់ ៕