នាយករដ្ឋមន្រ្តីអង់គ្លេសសាទរចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្រ្តជាមួយសហភាពអឺរ៉ុប
អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានសាទរចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្ត្រជាមួយសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍នេះ ដោយចាត់ទុកថា ជាការចាប់ផ្តើមថ្មីសម្រាប់ចក្រភពអង់គ្លេស នេះបើតាមសារព័ត៌មាន CNN នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ។
ថ្លែងក្នុងសន្និសីទកាសែតមួយនៅវិមានរដ្ឋាភិបាល លោក ចនសុន បានបញ្ជាក់ថា អង់គ្លេសបាននាំមកនូវអ្វីដែលបានសន្យានៅក្នុងការធ្វើប្រជាមតិ អំពីការចាកចេញពីសហភាពអឺរ៉ុប (Brexit) ឆ្នាំ ២០១៦ ។ លោកបន្ថែមថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំក្រោយ យើងនឹងស្ថិតនៅក្រៅសហភាពគយ និងនៅក្រៅទីផ្សារតែមួយ ហើយថា ច្បាប់អង់គ្លេសនឹងត្រូវតាក់តែងឡើងដោយសភាអង់គ្លេស ដែលបកស្រាយដោយចៅក្រមអង់គ្លេស ដែលអង្គុយនៅតុលាការអង់គ្លេស ហើយយុត្តាធិការរបស់តុលាការយុត្តិធម៌អឺរ៉ុបនឹងត្រូវបញ្ចប់ ។ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី យូស៊ូឡា វ៉ុនដឺ ឡេយ៉ែន ថ្លែងថា យើងបានរកឃើញកិច្ចព្រមព្រៀងហើយ… វាយុត្តិធម៌ វាជាកិច្ចព្រមព្រៀងមួយដែលមានតុល្យភាព ហើយវាជារឿងត្រឹមត្រូវ និង មានទំនួលខុសត្រូវដើម្បីធ្វើសម្រាប់ភាគីទាំងសងខាង ។
សូមជម្រាបថា បន្ទាប់ពីការចរចាអស់ពេលជាច្រើនខែមក កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងនៅមួយថ្ងៃមុនបុណ្យណូអែលរវាងភាគីទាំងពីរ (អង់គ្លេស-អឺរ៉ុប) ដោយនាយករដ្ឋមន្ត្រីអង់គ្លេសប្រកាសនៅពេលបន្ទាប់ថា ចក្រភពអង់គ្លេសបានដណ្តើមការគ្រប់គ្រងលើអនាគតរបស់ខ្លួនត្រឡប់មកវិញហើយ ៕