លទ្ធផលធ្វើតេស្តចុងក្រោយនៅតួកគីបង្ហាញថា វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនឱសថចិន Sinovac មានប្រសិទ្ធភាពរហូតដល់ ៩១.២៥%
តួកគី៖ វ៉ាក់សាំងប្រឆាំង Covid-19 ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនឱសថចិន Sinovac Biotech មានប្រសិទ្ធភាពរហូតដល់៩១.២៥ភាគរយ នេះបើតាមទិន្នន័យបណ្តោះអាសន្ន នៃការធ្វើតេស្តដំណាក់កាលចុងក្រោយនៅក្នុងប្រទេសតួកគី ចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ។
តួកគីស្ថិតនៅក្នុងចំណោមប្រទេសធំៗមួយចំនួន ដែលបានចូលខ្លួនធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac នៅក្នុងដំណាក់កាលចុងក្រោយ ដោយមានអ្នកស្ម័គ្រចិត្តចូលរួមចំនួន៧.០០០នាក់ ។ ហើយលទ្ធផលនៃការធ្វើតេស្ត នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ត្រូវបានបង្ហាញដោយផ្អែកលើទន្និន័យពីមនុស្សប្រមាណ១ពាន់៣២២នាក់ ។
បើតាមក្រុមស្រាវជ្រាវវេជ្ជសាស្ត្រជាតិរបស់តួកគីនោះ គ្មានបញ្ហាគួរឲ្យកត់សម្គាល់ណាមួយបានកើតឡើង អំឡុងការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac នោះឡើយ ក្នុងនោះមានតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលបានជួបប្រទះបញ្ហាប្រតិកម្មអាលែកហ្ស៊ីតិចតួច ប៉ុន្តែរូបគេបានធូរស្រាលវិញហើយ ៕