កញ្ចប់ថវិកាសង្គ្រោះពីវិបត្តិ Covid-19 កំពុងជាប់គាំង ខណៈសភាអាមេរិកច្រានចោលសំណើបង្កើនថវិការបស់លោក ដូណាល់ ត្រាំ
អាមេរិក៖ សមាជិកសភាតំណាងរាស្ត្រអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានទាត់ចោលសំណើបង្កើនកញ្ចប់ថវិកាដោះស្រាយវិបត្តិ COVID-19 និងកញ្ចប់ថវិកាសម្រាប់ការចំណាយ នៃរដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ដែលប្រការនេះកំពុងធ្វើឱ្យអត្ថប្រយោជន៍សម្រាប់ប្រជាជនអាមេរិករាប់លាននាក់ ប្រឈមនឹងហានិភ័យ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ។
ការច្រានចោលសំណើបង្កើនថវិការបស់លោក ត្រាំ ខាងលើនេះ បានកើតមានឡើងក្រោយសភាទាំងពីររបស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបញ្ជូនជាផ្លូវការនូវសេចក្ដីព្រាងច្បាប់ ស្ដីពីកញ្ចប់ថវិកាដោះស្រាយ COVID-19 និងកញ្ចប់ថវិកាសម្រាប់ការចំណាយរបស់រដ្ឋាភិបាលអោយលោក ដូណាល់ ត្រាំ ចុះហត្ថលេខា ។ លោក ត្រាំ ក្នុងថ្ងៃដដែលនោះដែរ មិនបាននិយាយថា លោកនឹងចុះ ឬមិនចុះហត្ថលេខាឡើយ តែលោកធ្លាប់បានព្រមានថា លោកនឹងប្រើសិទ្ធិវេតូជំទាស់នឹងសេចក្ដីព្រាងច្បាប់កញ្ចប់ថវិកាខាងលើ បើសិនជាសភាអាមេរិកមិនព្រមបង្កើនកញ្ចប់ថវិការតាមសំណើរបស់លោក ។
សូមជម្រាបថា ប្រសិនបើប្រធានាធិបតីអាមេរិកជិតផុតអាណតិ្តរូបនេះ មិនព្រមចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់កញ្ចប់ថវិការនេះទេ នោះអត្ថប្រយោជន៍ ឬកញ្ចប់ថវិកាសម្រាប់ប្រជាជនអាមេរិក ដែលគ្មានការងារធ្វើជាង១៤លាននាក់ នឹងត្រូវអស់សុពលភាពដោយចាប់ផ្ដើមនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ហើយរដ្ឋាភិបាលអាមេរិកវិញ នឹងត្រូវបិទដំណើរការផ្នែកខ្លះរបស់ខ្លួននៅថ្ងៃអង្គារសប្ដាហ៍ក្រោយ ៕