ជប៉ុនគ្រោងបញ្ចប់ការផលិតរថយន្តប្រើប្រាស់ប្រេងឥន្ធនៈឲ្យបាននៅឆ្នាំ 2035 ខាងមុខ
បរទេស ៖ កាលពីថ្ងៃព្រហស្បត្ដិ៍ម្សិលមិញនេះប្រទេសជប៉ុនបានប្រកាសអំពីមហិច្ឆិតាដ៏ធំមួយរបស់ខ្លួនក្នុងការបញ្ចប់ទៅនៃការផលិតរថយន្តប្រភេទប្រើប្រាស់ថាមពលប្រេងឥន្ធនៈទាំងអស់ឲ្យបានក្នុងរយៈពេលយ៉ាងហោចណាស់ 15 ឆ្នាំខាងមុខ។
ក្នុងផែនការនោះផងដែរ រដ្ឋាភិបាលជប៉ុនក៏នឹងរំពឹងទុកដែរថានឹងអាចឈានទៅដល់ការបំភាយសារធាតុកាបូន
មកត្រឹមតែកម្រិតសូន្យព្រមទាំងអាចបង្កើតប្រាក់ចំណូលមកវិញបានទៅដល់ 2 ទ្រីលានដុល្លារក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ 2050 ។
យោងតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga កាលពីខែតុលាកន្លងមកធ្លាប់បានបញ្ជាក់ច្បាស់ម្តងហើយអំពីផែនការមួយនេះនិងត្រូវបានហៅឈ្មោះថា Green Growth Strategy ដែលមានគោលបំណងធំគឺផ្តោតទៅលើឧស្សាហកម្មផលិតរថយន្ត និងឧស្សាហកម្មប្រើប្រាស់ថាមពលអ៊ីដ្រូសែន។
លោក Suga ក៏ធ្លាប់បញ្ជាក់ទៀតថាការវិនិយោគបៃតងគឺជាការងារអាទិភាពបំផុតមួយដើម្បីជួយស្តារសេដ្ឋកិច្ចដែលកំពុងរងគ្រោះដោយជំងឺរាតត្បាតកូវីដ19 និងនាំឲ្យជប៉ុនអាចឈានជើងចូលទៅក្នុងទីផ្សារសហភាពអឺរ៉ុបចិន និងសេដ្ឋកិច្ចដទៃទៀតដែលក៏ជាអ្នកកំណត់គោលដៅលប់បំបាត់បំភាយឧស្ម័ននេះដូចគ្នា។
ក្រៅពីនេះរដ្ឋាភិបាលជប៉ុនម្សិលមិញនេះក៏បានបង្ហាញប្រាប់ផងដែរអំពីគម្រោងជំនួយផ្នែកហិរញ្ញវត្ថុនិងពន្ធចំពោះក្រុមហ៊ុនទាំងអស់ដែលធ្វើការនេះជាមួយគ្នានិងដើម្បីអាចកំណត់គោលដៅយកប្រាក់ចំណេញប្រមាណជា 870 ពាន់លានដុល្លារក្នុងមួយឆ្នាំឲ្យបានត្រឹមឆ្នាំ 2030 និងប្រមាណជា 1.8 ទ្រីលានដុល្លារក្នុងមួយឆ្នាំត្រឹមឆ្នាំ 2050៕